2024-12-13 18:34
166

កំពង់ស្ពឺ៖ ក្រុមក្មេងទំនើង មានគ្នាជាង ១០ នាក់ ជិះម៉ូតូច្រើនគ្រឿង មកពីស្រុកឱរ៉ាល់ និងស្រុកថ្ពង នាំគ្នាមកដើរលេងពេលយប់ក្នុងក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ អូសកាំបិទផ្គាល់ផ្អើលប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកងរាជអាវុធហត្ថល្បាតជួបប្រទះដេញចាប់ខ្លួនបាន ចំនួន ០៦ នាក់ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៤និង២០នាទី នៅចំណុច ផ្សាររាត្រី ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងល្បាតនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដេញតាមក្មេងទំនើងមួយក្រុមដែលបានជិះម៉ូតូអូសកាំបិទផ្គាក់មានគ្នា ចំនួន ១២ នាក់ ក្នុងនោះកម្លាំងល្បាតបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៦ នាក់ នាំយកមកទីបញ្ជាការ ដើម្បីសាកសួរ។

ក្រុមក្មេងទំនើងទាំង៦នាក់ រួមមាន ទី១៖ ឈ្មោះ វឿន សុខវ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ, ទី២៖ ឈ្មោះ ស៊ីម សារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់, ទី៣៖ ឈ្មោះ ផាន់ ជាវ៉ៃ ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់, ទី៤៖ ឈ្មោះ កែវ សារី ភេទប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង, ទី៥៖ ឈ្មោះ ឃុម រ៉ាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង, និង ទី៦៖ ឈ្មោះ រ៉ំ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ការបង្ក្រាបក្រុមក្មេងទំនើងនេះ ចាប់យកវត្ថុតាងបានរួមមាន៖ ម៉ូតូ ចំនួន ០៣ គ្រឿង (ម៉ាក Honda ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1X-4121,ម៉ាក Honda ទឹកមាស សេរីឆ្នាំ២០១៩ ផ្លាកលេខ កំពង់ស្ពឺ 1Q-3381,ម៉ាក់ Honda ពណ៌ខ្មៅ សេរី ឆ្នាំ២០២៤ ផ្លាកលេខ កំពង់ស្ពឺ 1Z-9382), ទូរសព្ទ ចំនួន ០៥ គ្រឿង និងកាំបិតផ្គាក់ ចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕