2024-12-15 16:07
139

សៀមរាប៖ នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញជាអធិបតីក្នុងពិធីព្យុហយាត្រានៃព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដោយមានការចូលរួមពីសិស្សានុសិស្ស សរុបចំនួន ១ ២០០ នាក់ ដែលចាប់ផ្តើមចេញពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។

កម្មវិធីដង្ហែក្បួនព្យុហយាត្រានេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យ «រំលឹកគុណអង្គរ» ដ៏មានសារសំខាន់សម្តែងចំណាប់អារម្មណ៍ចំពោះពាក្យស្លោកគោល «អរគុណអង្គរ និងអរគុណសន្តិភាព» ភ្ជាប់ដោយខ្លឹមសារថែរក្សាបរិស្ថាន និងផ្សេងៗ។

ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។

ពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤ បានប្រកាសបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា lលោក ហង់ ពៅ អគ្គនាយក អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវឯក អគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងបណ្តាប្រទេសជាមិត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្សប្រមាណ ២ ០០០អង្គ/នាក់។

សូមជម្របថា ឆ្នាំនេះគឺជាខួប៣២ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយអាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរលើកទី៤ ដោយមានរៀបចំកម្មវិធីបែបសាសនា និងការសម្តែងទស្សនីយភាពសិល្បៈ ជាច្រើនទម្រង់ ជូនសាធារណជនបានទស្សនាកម្សាន្តសប្បាយផងដែរ៕