
ខេត្តសៀមរាប៖ ឯកឧត្តមវេជ្ជបណ្ទិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃសុពលភាពសំណង់អគារជំងឺទូទៅអគារសម្ភព អគារអន្តេវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុន សែន រុនតាឯក នៃ តំបន់អភិវឌ្ឍន៍រុនតាឯក។
គូរបញ្ជាក់ផងដែរថា អគារជំងឺទូទៅ គារសម្ភព អគារអន្តេវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ក្នុងមន្ទីរពេទ្យបង្អែកនេះ ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់រយៈពេល១ឆ្នាំ រួចមកហើយ ដែលតម្រូវឱ្យក្រុមការងារធ្វើការពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ក្រោយដាក់ឱ្យប្រើប្រាស់ ក្នុងរយៈពេល១ឆ្នាំ កន្លងមកនេះ។ ដោយជាលទ្ធផល ឯកឧត្ដមអនុរដ្ឋលេខាធិការ និងក្រុមការងារវាយ តម្លៃ បានធ្វើការផ្ទៀងផ្ទាត់នូវលក្ខណៈបច្ចេកទេស និងគុណភាពសំណង់មានភាពរឹងមាំ ស្របតាមសុពលភាពសំណង់ក្នុងលក្ខខណ្ឌកិច្ចសន្យា និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយនិងមានលក្ខណៈថ្មីល្អ និងបានស្នើសុំភាគីសាងសង់រៀបចំសំយ៉ាបខាងក្រោយអគារជំងឺទូទៅ និងដាក់កម្រាលការពារទឹកភ្លៀងព្រមទាំងបន្ថែមអំពូលភ្លើងនៅបន្ទប់សម្រាល ដើម្បីឱ្យគ្រូពេទ្យមានភាពងាយស្រួល។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តសាស្ត្រា ចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ក្រុមការងារគ្រូពេទ្យ និងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ព្រមទាំងស្នើសុំឱ្យប្រធានមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាល ក្នុងនាមជាម្ចាស់អាគារ ត្រូវប្រើប្រាស់ដោយមានការទទួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់ក្នុងការថែទាំ និងសម្អាតអនាម័យឱ្យបានស្អាត។ ឯកឧត្តម ក៏បានធ្វើការណែនាំ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រធានមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទ ត្រូវខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងចូលរួមចំណែកជួយថែរក្សាសោភណ្ឌភាពសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងមន្ទីរពេទ្យនេះឱ្យមានភាពស្រស់ស្អាត និងនិរន្តភាព។
ជាមួយគ្នានោះ ឯកឧត្ដម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងវាយតម្លៃសុពលភាពសំណង់ទាំងនេះ ព្រមទាំងផ្តល់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា៕



