
ភ្នំពេញ៖ ភាពអនាធិបតេយ្យការលួចធ្វើអាជីវកម្មជីកកកាយ និងចម្រាញ់យករ៉ែមាស ក្នុងតំបន់អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានកើតមានជាច្រើនឆ្នាំកន្លងហើយ ប៉ុន្តែវិធានការទប់ស្កាត់ និងបង្ក្រាបពីសំណាក់មន្ត្រីជំនាញនៅមានភាពធូរលុល ក្រោយពីមានរបាយការណ៍ប្រជាពលរដ្ឋ អំពីសមក្មភាពអនាធិបតេយ្យចម្រាញ់រ៉ែមាស ទើបភ្ញាក់ពីដំណេកចុះទៅពិនិត្យមើល និងចាត់វិធានការប្រមូលអាចម៍ដីរ៉ែទុក ព្រមទាំងដាក់មន្ត្រីឃ្លាំមើល ដើម្បីចាត់វិធានការតាមច្បាប់។
កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រមូលអាចម៍ដីរ៉ែមាសអនាធិបតេយ្យ ដើម្បីចម្រាញ់យកមាស ស្ថិតនៅភូមិសាស្ត្រតំបន់អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ព្រមទាំងមានវិធានការចាំឃ្លាំមើលសកម្មភាពចម្រាញ់រ៉ែមាសដោយខុសច្បាប់នេះ។
មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា៖ «កាលពីម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញការប្រមូលអាចម៍ដីរ៉ែមាសអនាធិបតេយ្យ ដើម្បីចម្រាញ់យកមាស ស្ថិតនៅភូមិសាស្ត្រតំបន់អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ»។
ក្រោយពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ២និង០០នាទី រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីររ៉ែ និងថាមពលខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ុន្តែត្រូវបានម្ចាស់ទីតាំង និងក្រុមធ្វើសកម្មភាពបទល្មើសរ៉ែមាស អនាធិបតេយ្យរើសម្ភារៈរត់ចោលទីតាំងបាត់ទៅហើយ។ មន្ទីរ និងអាជ្ញាធរមូលដ្ឋាន កំពុងតាមដានឃ្លាំមើល សកម្មភាពខាងលើ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ថា៖ «កន្លងមកមន្ទីរធ្លាប់បានចុះបង្ក្រាបបទល្មើសរ៉ែមាសអនាធិបតេយ្យ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់នេះ នៅតែកើតមាន ទោះបីជាមន្ទីររ៉ែ និងថាមពលខេត្ត បានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និងទប់ស្កាត់ក៏ដោយ»។
ពាក់ព័ន្ធបទល្មើសចម្រាញ់រ៉ែមាសខុសច្បាប់នជ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ «ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល, ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការលប់បំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព»។
ឆ្លៀតឱកាសនេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស អនាធិបតេយ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកមន្ទីរជំនាញ៕


