2024-12-15 16:33
132

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្ត ចំនួន ០៣ គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាល ហើយភ្លាមៗនោះ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចេញអន្តរាគមន៍សម្រួលចរាចរណ៍ និងជួយសង្គ្រោះដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រង់ចំណុច (PK20+300) ក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលជំនាញផ្នែកចរាណ៍ស្រុកសំរោងទង បានឱ្យដឹងថា មានរថយន្ដ ០១ គ្រឿង ម៉ាក តូយ៉ូតា Prius ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយ ម៉ាក Hyundai ពណ៌ខៀវ  ពាក់ស្លាកលេខ ឃ4370-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើរជាមួយ ០១នាក់ទៀត មានឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់។

នគរបាលបានឱ្យដឹងទៀតថា បន្ទាប់មកមានរថយន្ដ ០១ គ្រឿង ម៉ាក Maserdas ពណ៌ស ស្លាកលេខ ភ្នំពេញ 2BP-7869 អ្នកបើកបរឈ្មោះ LI WEN BING (លី វ៉េនពីង) ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគក រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅលិច បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នមានឧបសគ្គនៅខាងមុខ បានកិន និងប៉ះជាមួយបន្ទះក្តាដែលធ្លាក់លើផ្លូវបណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាតរថយន្ត។ 

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនខាងលើនេះ បណ្ដាលឲ្យមានការរងរបួស និងស្លាប់មនុស្ស ០១នាក់ មានឈ្មោះ ឌិន ប៊ុនថុន និងរបួសធ្ងន់មនុស្ស ០១ នាក់ និងរបួសស្រាលមនុស្ស ចំនួន ០២នាក់ ជនជាតិចិន។ រីឯរថយន្ដ ចំនួន ០៣ គ្រឿង រងខូចខាតធ្ងន់ ០២ គ្រឿង (តូយ៉ូតា prius - Hyundai ស្ទើទាំងស្រុង) និងMaserdas។ 

ចំពោះវត្ថុតាងទាំងរថយន្ដទាំង៣គ្រឿង សមត្ថកិច្ចនគរបាលបានយករក្សាទុកនៅស្នាក់ការបញ្ជរកំពង់ស្ពឺខាងកើត K26 រង់ចាំនីតិវិធី ដំណោះស្រាយបន្ដ៕