
ភ្នំពេញ៖ ក្មេងទំនើង៣ក្រុម ដែលតែងតែធ្វើសកម្មភាពវាយកាប់ចាក់គ្នាតាមទីសាធារណៈ បង្កភាពអសន្តិសុខដល់សង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ១១ នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នរងចាំការតាមនិតិវិធី។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ តុលាការមានចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសាមរណភាពនៃជនរងគ្រោះ ដែលបង្កឡើងដោយក្មេងទំនើង រហស្សនាម ក្រុមដើមពោធិ៍ (DP), ក្រុមបឹងសាឡាងស្មល (BSL) និង ក្រុមទឹកថ្លា (TTK) សរុបចំនួន ១១ នាក់ ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និង បទ៖ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៨៩០ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ទាក់ទិននឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានជនត្រូវចោទមានខ្លួន ចំនួន ១១ នាក់ រួមមាន៖ ១- ឈ្មោះ សាន់ ហានស៊ីង ភេទប្រុស អាយុ ១៧ឆ្នាំ ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ ២- ឈ្មោះ សៅ សង្ខារមីន ភេទប្រុស អាយុ ២០ឆ្នាំ, ៣- ឈ្មោះ ម៉េង លឺធឿន ភេទប្រុស អាយុ ១៦ឆ្នាំ, ៤- ឈ្មោះ ម៉េត ភក្ត្រា ភេទប្រុស អាយុ ១៧ឆ្នាំ, ៥- ឈ្មោះ យូ គឹមហ៊ាង ភេទប្រុស អាយុ ១៧ឆ្នាំ, ៦- ឈ្មោះ ពិន សៀវលិក ភេទប្រុស អាយុ ១៧ឆ្នាំ, ៧- ឈ្មោះ ហៃ វឌ្ឍនា ភេទប្រុស អាយុ ១៧ឆ្នាំ, ៨- ឈ្មោះ រឺ ចរិយា ភេទប្រុស អាយុ ១៧ឆ្នាំ, ៩- ឈ្មោះ អន សុវណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ និង ជនត្រូវចោទ ចំនួន ០៨នាក់ទៀត កំពុងគេចខ្លួនត្រូវបានចោទប្រកាន់ ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ និងហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស»។ ទី១០- ឈ្មោះ ភា រ៉ាដូ ភេទប្រុស អាយុ ១៧ឆ្នាំ និង ១១- ឈ្មោះ តាំង លីឆាយ ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ, ផ្លូវលេខ ៣៧២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦, ថ្ងៃទី១៧ ខែវិច្ឆិកា និងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ២២៤ និងមាត្រា ៤៩០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច សង្កាត់កាកាបទី១ មានក្រុមក្មេងទំនើង ០៣ក្រុម គឺ ១៖ ក្រុមដើមពោធិ៍ (DP), ២៖ ក្រុមបឹងសាឡាងស្រួល (BSL) និង ទី៣៖ ក្រុមទឹកថ្លា (TTK) មានគ្នាសរុបចំនួន ២៩ នាក់ បានព្រួតគ្នាកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសកែងដៃខាងស្តាំ និងធាក់ម៉ូតូជនរងគ្រោះម្នាក់ទៀត បណ្តាលឱ្យរ៉េចង្កូតទៅបុកបង្គោលភ្លើង បង្កឱ្យរបួស ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រួចក្រុមក្មេងទំនើងទាំងនោះ ក៏បានជិះម៉ូតូគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចសង្កាត់អូរបែកក្អម ក្រុមក្មេងទំនើងទាំង៣ក្រុមខាងលើ បានបន្តធ្វើសកម្មភាព កាប់ជនរងគ្រោះផ្សេងទៀត បណ្តាលឱ្យរបួសដៃខាងស្តាំ រួចក៏បានជិះម៉ូតូគេចខ្លួនទៀត ហើយមកដល់ថ្ងៃទី០៦ និងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច សង្កាត់ទឹកល្អក់ទី៣ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងទាំង៣ក្រុមខាងលើ ចំនួន ១១នាក់ និងដកហូតដាវកែច្នៃ ចំនួន ០១ដើម។
អ្នកនាំពាក្យតុលាការ បានបញ្ជាក់ថា៖ «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ១១ នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ចំពោះរាល់សកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុតមិនឱ្យរួចផុតសំណាញ់ច្បាប់ឡើយ៕




