
ភ្នំពេញ៖ ក្មេងទំនើង០១ក្រុម មានគ្នាជាច្រើននាក់ បានធ្វើកម្មភាពកាប់បំផ្លិចបំផ្លាញម៉ូតូ ចំនួន ០២ គ្រឿង និងបានដោះស្លាកលេខប្លន់យកទៅបាត់ ដោយសារខឹងតាមកាប់ក្មេងទំនើងម្ខាងទៀតអត់បាន។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង១២នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្រោយបុរី ពិភពថ្មី វត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមក្មេងស្ទាវម្ខាងស្រែកហៅឲ្យចូលមក និងកាន់ដុំថ្មគប់ក្រុមម្ខាងទៀត រួចក៏នាំគ្នារត់ចូលក្នុងផ្ទះជួល ស្រាប់តែក្រុមក្មេងទំនើងម្ខាងទៀតនោះ ជិះម៉ូតូច្រើនគ្រឿង និងមានបក្ខពួកជាច្រើន ប្រដាប់ដោយកាំបិត ដាវ ដំបង និងមួកសុវត្ថិភាព រត់ដេញតាមចូលទៅដល់ក្នុងផ្ទះ តាមកាប់មមនុស្សមិនបាន ទើបធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់អ្នកដទៃ បណ្តាលឱ្យរងការចូចខាតអស់ ចំនួន ០២ គ្រឿង យកស្លាកលេខ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវរកមុខក្រុមជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


