2024-12-15 16:45
152

កំពង់ស្ពឺ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ចំនួន ០២ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាប និងឃាត់ខ្លួន ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ ត្រូវបានបង្ក្រាប ២ទីតាំងផ្សេងៗគ្នា គឺទីតាំងទី១ស្ថិតនៅចំណុច ភូមិព្រៃសំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ មានឈ្មោះ ភួង វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំភូមិព្រៃសំពូង  ឃុំកាហែង ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ និងទីតាំងទី០២ ស្ថិតនៅចំណុច រោងគោ ក្នុងភូមិត្រពាំងតាលួង ឃុំស្កុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ មានឈ្មោះ ស៊ីម សឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងតាលួង ឃុំស្កុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពបានឱ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបនេះ គឺអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទី លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ចំពោះវត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមសរថ្លា ចំនួន ០២ កញ្ចប់ធំ តូច ០១កញ្ចប់, ជញ្ជឹងថ្លឹង ០១ គ្រឿ, ម៉ូតូ ០១ គ្រឿង, ថងវេកខ្ចប់មួយចំនួន, ប្រាក់ចំនួន ៤៥ ០០០រៀល និងម្សៅក្រាមសរថ្លា ចំនួន ០១ កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕