2024-12-15 16:51
160

គុនខ្មែរ៖ ការប្រកួតប្រដាល់់គុនខ្មែរដ៏អស្ចារ្យរវាងក្រុមអ្នកចម្បាំងគុនខ្មែរ ប៉ះជាមួយនឹងខ្លាំង អូស្រ្តាលី ក្នុងមហាព្រឹត្តិការណ៍គុនខ្មែរស៊ុបភើហ្វៃត៍-ប៊ីអូប៊ី ដែលបានប្រព្រឹត្តិទៅ កាលពីរាត្រីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅលើសង្វៀនបូនីរិចស៉្ពតក្លឹប ក្នុងទីក្រុងស៊ីតនី ប្រទេសអូស្រ្តាលី ឃើញថាកាន់តែទទួល បានការចាប់អារម្មណ៍ពីអ្នកគាំទ្រកីឡាប្រដាល់ម្ចាស់ផ្ទះយ៉ាងខ្លាំងក្លាជាងកាលពីលើកមុនទ្វេដង ក្រោយក្រុមអត្តពលិកគុនខ្មែរ បានយកឈ្នះលើម្ចាស់ផ្ទះក្នុងលទ្ធផល៤-១ និងក្រសោបយកខ្សែក្រវាត់ កម្រិតពិភពលោក បានចំនួន២ខ្សែ ផងដែរ...។

គួររំឭកផងដែរថា កាលជាង១ឆ្នាំមុន ពោលគឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមអត្តពលលិកគុនខ្មែរ ចំនួន៥រូប បានហោះឆ្លងទ្វីបទៅបង្អួតស្នៀតប្រយុទ្ធគុនខ្មែរ ប៉ះជាមួយម្ចាស់ផ្ទះអូស្រ្តាលី៥រូប ដូចគ្នា ដែលបានធ្វើឡើងនៅវិមានមាលវើនថោនហាល (MALVERN TOWN HAL) ទីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលី ។ គេនៅចាំបានថា កាលនោះក្រុមអ្នកចម្បាំងគុនខ្មែរទាំង៥រូបរួមមាន៖ អេ អាំម៉ារីន, លន បញ្ញា, ពេជ្រ សម្បត្តិ, ពេជ្រ ប៊ុនសិទ្ធិ, និងកីឡាករ គឿន សុវណ្ណឃីម, ពួកគេបានបង្ហាញ ស្នៀត ប្រយុទ្ធគុនខ្មែរដ៏អស្ចារ្យ ឲ្យម្ចាស់ផ្ទះអូស្រ្តាលី បានឃើញ និងចាប់អារម្មណ៍ជាខ្លាំងអំពីក្បាច់គុនខ្មែរ ដែលមានអាយុកាលដ៏ចំណាស់មួយនេះ។ 

ជាថ្មីម្ដងទៀត ក្រោមការរៀបចំដោយលោក សឿ វណ្ណៈ ប្រធានស្ថាប័ន KUN KHMER SUPER FIGHT (KSF) បានដឹកនាំក្រុមអត្តពលិកកម្ពុជាដោយផ្ទាល់ និងមានការសហការពីសហព័ន្ធ កីឡា ប្រដាល់គុនខ្មែរ បានសហការជាមួយនឹងសហព័ន្ធ BEST OF BEST (BOB) ប្រចាំអូស្រ្តាលី នៅថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ នៅលើសង្វៀនបូនីរិចស៉្ពតក្លឹប ក្នុងទីក្រុងស៊ីតនី ប្រទេសអូស្រ្តាលី បានរៀបចំព្រឹត្តិការណ៍គុនខ្មែរស៊ុបភើហ្វៃត៍-ប៊ីអូប៊ី រួមជាមួយនឹងការដាក់ខ្សែក្រវាត់ឲ្យកីឡាករ-កីឡាការនី ដណ្ដើមយក។ ក្នុងនោះ ការប្រកួត២គូដំបូង គឺជាការប្រកួតមិត្តភាពអន្តរជាតិ រីឯ៣គូទៀតជាការប្រកួតដណ្ដើមខ្សែក្រវាត់។ ខ្សែក្រវាត់២ទាំងពីរប្រភេទនេះ គឺជាខ្សែក្រវាត់BOB កម្រិតពិភពលោក និងមួយប្រភេទ ទៀត គឺជាខ្សែក្រវាត់ពិភពគុនខ្មែរ (WORLD KUN KHMER FEDERRATION) គឺជាខ្សែក្រវាត់របស់ខ្មែរ ដែលមានអាយុកាលដ៏ចំណាស់ជាងគេ បានបង្កើត ឡើងប្រមាណជាង២០ឆ្នាំ មកហើយ។

គួរជម្រាបជូនបន្ថែមថា ក្រុមអ្នកចម្បាំងគុនខ្មែរទាំង៥រូប ដែលបានចូលរួមប្រកួតរួមមាន៖ គឿន សុវណ្ណឃីម, ថៃ រ៉េត, រឿង សុភ័ណ្ឌ, អេអាំម៉ារីន ភូថង, និង ទូច ចាន់វត្តី ។ ក្នុងនោះ ប្រកួតលក្ខណៈ មិត្តភាព ២គូប្រកួតបើកឆាកដំបូង កីឡាករគុនខ្មែរ គឿម សុវណ្ណឃីម បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ពេញ៣ទឹក និងជាលទ្ធផលយកឈ្នះដោយពិន្ទុលើកីឡាករ ប៊ែលី ខូលីន ម្ចាស់ផ្ទះ។ គូបន្ទាប់ កីឡាករ ថៃ រ៉េត បានបង្ហាញស្នៀតគុនដ៏សម្បូរបែប ដែលខ្លួនមានបញ្ចេញទៅលើដៃគូប្រកួតរហូតផ្ដួលកីឡាករ ខាលធើនឺ ដានីញែលបាបឺ ម្ចាស់ផ្ទះឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី២។

ឈានចូលដល់គូដណ្ដើមខ្សែក្រវាត់ អេ អាំម៉ារីនភូថង បានប្រកួតគ្នាយ៉ាងស្វិតស្វាញ រហូតពេញ៣ទឹក និងជាលទ្ធផល បានយកឈ្នះដោយពិន្ទុលើកីឡាករ អានទ្រូ មីតឆែល ម្ចាស់ផ្ទះ ដណ្ដើមបានខ្សែ ក្រវាត់ប្រភេទBOB កម្រិតពិភពលោកគ្រងលើស្មារបស់ខ្លួន។ ឈានចូលដល់គូឯក កីឡាករ រឿង សោភ័ណ្ឌ បានប្រើកណ្តាប់ដៃភ្លើង ជើងរន្ទះ ដែលជាស្នៀតកំពូលរបស់ខ្លួនវាយសន្ធាប់ទៅលើកីឡាករ ហាសាន សូឡានី ម្ចាស់ផ្ទះហូតរាប់ដល់៨ ពីរដង និងបានបោះបង់ចោលការប្រកួតនៅចុងទឹកទី១ ដណ្ដើមបានខ្សែក្រវាត់ BOB កម្រិតពិភពលោកគ្រងលើស្មាបន្ថែមទៀត។ ដោយឡែក គូឯកគឺ កីឡាការិនី ទូច ចាន់វត្តី បានបើកការវាយសន្ធាប់គ្នាទៅវិញទៅមកជាមួយកីឡាការិនី គីម ថោនសិន ម្ចាស់ផ្ទះអូស្រ្តាលី ពេញ២ទឹក ដំបូង និងជាលទ្ធផលភ្លាត់ស្នៀតនៅចុងទឹកទី៣ រងរបួសជើងធ្ងន់ធ្ងរ មិនអាចបន្ត និងបានបោះបង់ចោលការប្រកួត។ ដូចនេះ កីឡាការិនី គីម ថោនសិន ម្ចាស់ផ្ទះអូស្រ្តាលី ទទួលបានជ័យជម្នះ និងដណ្ដើមបានខ្សែក្រវាត់ពិភពគុនខ្មែរ (WORLD KUN KHMER FEDERRATION) ពីកម្មវិធី។

គួរជម្រាបជូនថា ក្រោយចប់ការប្រកួតវាងក្រុមអ្នកចម្បាំងគុនខ្មែរទាំង៥រូប ប៉ះជាមួយម្ចាស់ផ្ទះអូស្រ្តាលី ៥រូប ទទួលបានលទ្ធផល៤-១ ពោលគឺ ក្រុមអត្តពលលិកគុនខ្មែរទទួលបានជោគជ័យ៤រូប និងចាញ់ ម្ចាស់ផ្ទះ១រូប បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផ្ទះកាន់តែខ្លាំងឡើង ខណៈម្ចាស់ផ្ទះ អូស្រ្តាលី បានខិតខំចម្រាញ់យកកីឡាករប្រដាល់លំដាប់ប្រទេសរបស់ខ្លួន មកទតទល់នឹងកំពូល អ្នកប្រយុទ្ធគុនខ្មែរ ប៉ុន្តែ មិនទទួលបានលទ្ធផលគាប់ប្រសើរនោះទេ។ ទន្ទឹមគ្នានេះដែរ អ្នកគាំទ្រ កីឡាប្រដាល់នៅទីនោះបានទះដៃអបអរសារទចំពោះការបង្ហាញស្នៀតគុនខ្មែរប្រយុទ្ធដ៏អស្ចារ្យឲ្យពួកគេបានស្គាល់ និងបានឃើញ ខណៈពួកគេរំពឹងថា នឹងមានវត្តមានកីឡាករគុនខ្មែរទៅប្រកួតនៅទីនោះ ជាបន្តបន្ទាប់ទៀត ដើម្បីទទួលបានការទស្សនា ក៏ដូចជាស្វែងយល់ បន្ថែមទៀតពីក្បាច់គុនខ្មែរផងដែរ៕