2024-12-15 16:54
122

ថៃ៖ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និងរាប់នាក់ទៀតបានរងរបួសបន្ទាប់ពីគ្រាប់បែកមួយគ្រាប់ បានគប់ចូលក្នុងហ្វូងមនុស្សនៅឯពិធីបុណ្យមួយ ដែលស្ថិតក្នុងប្រទេសថៃ។

ហេតុការណ៍នេះ បានកើតឡើងភ្លាមៗបន្ទាប់ពីមុនពាក់កណ្ដាលអាធ្រាត្រ ម៉ោងក្នុងស្រុក កាលពីថ្ងៃ សុក្រ នៅឯពិព័រណ៌កាកបាទក្រហម Doi Loyfa ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅស្រុក Umphang ក្នុងខេត្ត Tak នៃភាគខាងជើង នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ BBC News កាលពីថ្ងៃ សៅរ៍ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៤។

បើយោងទៅតាមរបាយករណ៍របស់ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបានដកស្រង់សំដីប៉ូលីសថៃ ជនសង្ស័យពីរនាក់កំពុងតែត្រូវបានឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំង ប៉ុន្តែនៅមិនទាន់មានការចោទប្រកាន់ណាមួយត្រូវបាន មហាជនធ្វើការចោទទៅលើជនសង្ស័យទាំងពីរខាងលើនេះទេ។ ដោយក្នុងនោះប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ មនុស្ស ៤៨ នាក់បានរងរបួស ដែលក្នុងនោះមនុស្ស ៦ នាក់បានរងរបួសធ្ងន់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលធ្វើដោយក្រុមជួយសង្គ្រោះ បាននិយាយថា គ្រឿងផ្ទុះនោះត្រូវបានគប់នៅខាងក្រៅឆាក ដែលមនុស្សកំពុងនាំគ្នារាំ។ ហើយបើតាមរបាយការណ៍ជាច្រើនបានបង្ហាញថា ការផ្ទុះនេះបង្កឡើងដោយឧបករណ៍បំផ្ទុះដែលមិនទាន់កែច្នៃ (IED) ។ ហើយអ្នករបួសមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។

គួរបញ្ជាក់ផងដែរថា យោងទៅតាមកាសែតបាងកកប៉ុស្តិ៍បានបង្ហាញថា មានមនុស្សចន្លោះពី ៨,០០០ ទៅ ៩,០០០ នាក់ បានចូលរួមក្នុងពិធីបុណ្យនេះ រយៈពេលមួយសប្ដាហ៍ក្នុងឆ្នាំនេះ ហើយការវាយប្រហារនេះបានកើតឡើងនៅយប់ចុងក្រោយនៃព្រឹត្តិការណ៍នេះ៕