2024-12-15 17:11
130

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បច្ចុប្បន្ននេះ សម្រេចលទ្ធផល ៧៧,០២% ហើយ ជាសមិទ្ធិផលថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិទី៧នេះ បើតាមការគ្រោងទុកស្អាននេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ក្រសួងសាធារណការ បានបញ្ជាក់ថា «ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំក្រោយនេះហើយ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូល រួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ, ស្ពានមធ្យម ០២ កន្លែង, ស្ពានខ្លី ០១ កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ ៦០B សម្រេចលទ្ធផល ៥៣,១៤%»។ 

ក្រសួងបានបញ្ជាក់បន្ថែមថា៖ «បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះ ជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣»

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា៖ «គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រ ដោយក្នុងនោះ ត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះ ប្រវែង ១៦,២០ គីឡូម៉ែត្រ»