2024-12-16 09:25
162

បើយោងទៅតាមគេហទំព័រ BBC News នាថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ បានឲ្យដឹងថា មនុស្សរាប់រយនាក់ និងប្រហែលជារាប់ពាន់នាក់ ត្រូវបានគេភ័យខ្លាចថាបានស្លាប់នៅក្នុងទីក្រុង Mayotte បន្ទាប់ពីទឹកដីនៃមហាសមុទ្រឥណ្ឌា បារាំង ត្រូវបានបំផ្លិចបំផ្លាញដោយសារតែព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយ។

ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាម ទៅដល់សហគមន៍មួយចំនួន ខណៈដែលពួកគេកំពុងតែស្វែងរកអ្នកដែលនៅរស់រានមានជីវិត។ 

ចំណែកឯការតាំងទីលំនៅទាំងអស់ត្រូវបានបង្រួបបង្រួមមកនៅជិតគ្នា នៅពេលដែលព្យុះស៊ីក្លូន Chido បាននាំមកនូវល្បឿនខ្យល់លើសពី ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង អមជាមួយនឹងការរស់នៅដ៏ពិបាកបំផុតនៅក្នុងជម្រកបណ្ដោះអាសន្ន ជាពិសេសនៅពេលដែលព្យុះស៊ីក្លូនបញ្ចេញនូវឥទ្ធិពលវាយប្រហារខ្លាំង។

ប្រជាជនរបស់ Mayotte ដែលមានចំនួនបីសែនពីរម៉ឺននាក់ (៣២០,០០០) បាននិយាយថា ពេលនេះពួកគេកំពុងតែជួបបញ្ហាកង្វះអាហារ ទឹក និងទីជម្រកយ៉ាងធ្ងន់ធ្ងរ។

សហគមន៍ក្រីក្ររបស់ Mayotte រួមទាំងជនចំណាកស្រុក ដែលគ្មានឯកសារបាននាំគ្នាធ្វើដំណើរទៅកាន់ទឹកដីបារាំង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាមទារសិទ្ធជ្រកកោន ត្រូវបានគេគិតថា បានរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែលក្ខណៈងាយរងគ្រោះនៃលំនៅដ្ឋានរបស់ពួកគេ។ 

ប្រជាជនពឹងផ្អែកយ៉ាងខ្លាំង ទៅលើជំនួយហិរញ្ញវត្ថុរបស់បារាំង ហើយពួកគេបានតស៊ូជាយូរមកហើយជាមួយនឹងភាពក្រីក្រ ភាពអត់ការងារធ្វើ និងអស្ថិរភាពនយោបាយ។

ក្នុងនោះប្រហែលជា ៧៣ ភាគរយ (73%) នៃចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយអាត្រានៃចំនួនអ្នកដែលគ្មានការងារធ្វើគឺមានចំនួនប្រហែលជា 1/3 ផងដែរ។

ខណៈពេលនេះផងដែរ ជំនួយរបស់បារាំងមួយចំនួនបានទៅដល់ទីក្រុង Mayotte ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទៅដល់សហគមន៍មួយចំនួននៅកំពុងតែធ្វើដំណើរការនៅឡើយ។

ពេលនេះផងដែរ ចំនួនអ្នកស្លាប់អាចកើនឡើងយ៉ាងខ្លាំង នៅពេលដែលការខូចខាតត្រូវបានវាយតម្លៃយ៉ាងពេញលេញ។ 

ហើយចំនួនអ្នកស្លាប់ អាចនឹងកើនរហូតច្រើនទៅដល់ខ្ទង់រយ និងអាចឈានទៅដល់ខ្ទង់ពាន់នាក់ក៏អាចថាបាន។

បើយោងទៅតាមសេវាកម្មអាកាសធាតុបានឲ្យដឹងថា ព្យុះស៊ីក្លូន Chido ក៏បាននាំមកនៅខ្យល់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងផងដែរ។ ហើយអាជ្ញាធរក៏បានរាយការណ៍ផងដែរថា ព្យុះស៊ីក្លូននេះបានបណ្ដាលឲ្យមានការខូចខាតនូវរចនាសម្ព័ន្ធ និងការដាច់ចរន្តអគ្គិសនីថែមទៀតផង។

ពេលនេះផ្ទះរបស់ប្រជាជនជាច្រើន ត្រូវបានបំផ្លាញ ឬរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយចំពោះកន្លែងថែទាំសុខភាព និងសាលារៀនក៏លែងដំណើរការផងដែរ។

ដោយនៅក្នុងនោះដែរ ក៏បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពី ការបាត់បង់នូវសិទ្ធក្នុងការទទួលបានសេវាសំខាន់ៗ រួមទាំងការព្យាបាលវេជ្ជសាស្រ្ត ទឹកស្អាត និងអនាម័យ ព្រមទាំងការរីករាលដាលនៃជម្ងឺផ្សេងៗទៀតដូចជា ជំងឺអាសន្នរោគ និងគ្រុនចាញ់ជាដើម។