
ហ្សេរុយសាឡឹម៖ អ៊ីស្រាអែល បានយល់ព្រមកាលពីថ្ងៃ អាទិត្យ ក្នុងការបង្កើននូវចំនួនប្រជាជនរបស់ខ្លួនទ្វេដងទៅលើ Golan Heights ដែលខ្លួនបានកាន់កាប់ដោយអះអាងថា ការគំរាមគំហែងពីប្រទេសស៊ីរីនៅតែមាន បើទោះបីជាមានមេដឹកនាំក្រុមឧទ្ទាមដែលបានទម្លាក់មេដឹកនាំ Bashar al-Assad កាលពីសប្ដាហ៍មុនក៏ដោយ។
ស្របពេលនោះផងដែរ នាយករដ្ឋមន្រ្តី Benjamin Netanyahu បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការពង្រឹង Golan គឺជាការពង្រឹងរដ្ឋអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ជាពិសេសនៅពេលនេះ” នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Reuters កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ ធ្នូ នេះ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានដណ្ដើមយកតំបន់ខ្ពង់រាបយុទ្ធសាស្រ្តភាគច្រើនពីប្រទេសស៊ីរីក្នុងសង្គ្រាមរយៈពេលប្រាំមួយថ្ងៃក្នុងឆ្នាំ ១៩៦៧ ហើយបានបញ្ចូលជាទឹកដីរបស់ខ្លួនក្នុងឆ្នាំ ១៩៨១។
ហើយនៅឆ្នាំ ២០១៩ នាពេលនោះប្រធានាធិបតី Donald Trump បានប្រកាសគាំទ្រសហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើ Golan ប៉ុន្តែក្នុងនោះដែរការបញ្ចូលនេះមិនត្រូវបានទទួលស្គាល់ដោយប្រទេសភាគច្រើននោះទេ។
ស៊ីរី បានទាមទារឲ្យអ៊ីស្រាអែលដកខ្លួនចេញ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធដោយធ្វើការលើកឡើងពាក់ព័ន្ធជាមួយនឹងកង្វល់អសន្តិសុខ។ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសន្តិភាពផ្សេងៗត្រូវបានបរាជ័យ។
លោក Netanyahu បាននិយាយថា លោកបានជាមួយលោក ត្រាំ កាលពីថ្ងៃ សៅរ៍ អំពីការអភិវឌ្ឍន៍សន្តិសុខនៅក្នុងប្រទេសស៊ីរី។
ហើយលោកបានបន្តនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “យើងមិនមានចំណាប់អារម្មណ៍ក្នុងជម្លោះជាមួយស៊ីរីទេ” ។
លោកបន្ថែមថា សកម្មភាពរបស់អ៊ីស្រាអែលក្នុងប្រទេសស៊ីរីមានគោលបំណង “រារាំងការគំរាមគំហែង ដែលអាចកើតមានពីប្រទេសស៊ីរី និងដើម្បីទប់ស្កាត់ការកាន់កាប់ភេរវករនៅជិតព្រំដែនរបស់យើង”។
ហើយពេលនេះការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី បានបង្កើននូវការគំរាមគំហែងទៅដល់អ៊ីស្រាអែល។
ពេលនេះរដ្ឋាភិបាលរបស់អ៊ីស្រាអែល បានអនុម័តជាឯកច្ឆ័ន្ទទៅលើផែនការតម្លៃជាង ៤០ លានដុល្លារ ដើម្បីជាការលើកទឹកចិត្តទៅដល់កំណើនប្រជាសាស្រ្តនៅក្នុង Golan។
