2024-12-16 11:47
226

កណ្តាល៖ ដូនចាស់ម្នាក់ បានរងរបួសធ្ងន់ធ្ងររលាកពេញខ្លនប្រាណ ដោយសារគ្រោះអគ្គិភ័យឆាបឆេះសំយាបផ្ទះ ដែលបង្កឡើងដោយសារកូនដុតភ្លើងតិចៗ ដើម្បីកំដៅម្តាយជរាកុំឱ្យរងារ ប៉ុន្តែកម្ទេចបានខ្ទាតប៉ះជញ្ជាំងបង្កទៅជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ហើយត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២១និង៣០នាទី ស្ថិតនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

ចំពោះលំនៅដ្ឋានដែលរងការឆាបឆេះមានទំហំ ៤ម៉ែត្រគុណនឹង៦ម៉ែត្រ សង់ពីឈើជញ្ជាំងសង្ក័សី ប្រក់ស្លឹកត្នោត។

របាយការណ៍បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីរកូនដុតភ្លើងតិចៗដើម្បីកំដៅម្ដាយចាស់ជរាកុំឱ្យរងារ ប៉ុន្តែកម្ទេចផ្កាភ្លើងខ្ទាតបង្កទៅជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រងការខូចខាតផ្ទះឆេះខូចខាតសំយាបមុខផ្ទះ និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន និងក្រៅពីនេះមិនមានរបស់របរមានតម្លៃឡើយ។ 

ក្នុងករណីនេះ បណ្តាលឱ្យរងរបួសមនុស្សចំនួន ០១នាក់ មានឈ្មោះ គួន ទៀង ភេទស្រី អាយុ៧២ឆ្នាំ បានឆេះរលាកភ្លើងពេញខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្នដូនចាស់រងគ្រោះដោយសាររលាកភ្លើង កំពុងស្ថិតក្នុងការជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យជំនាញ៕