
រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីស្ដីទី នៃប្រទេសកូរ៉េខាងត្បូង លោក ហាន ឌូកស៊ូ (Han Duck-soo) កាលពីថ្ងៃអាទិត្យ (ទី១៥ ខែធ្នូ) បានធានាដល់សម្ពន្ធមិត្តរបស់ប្រទេសកូរ៉េខាងត្បូង និង ធ្វើឲ្យទីផ្សារហិរញ្ញវត្ថុមានលំនឹង ក្រោយពេលលោកប្រធានាធិបតី យូន ស៊ុកយូល (Yoon Suk Yeol) ត្រូវបានព្យួរពីតួនាទីរបស់គាត់ និងរងការចោទប្រកាន់ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។
ទីភ្នាក់សារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និង ការិយាល័យរបស់ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងបានបញ្ជាក់ថា លោកប្រធានាធិបតី ហាន បាននិយាយតាមទូរស័ព្ទជាមួយនឹងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជិតផុតអាណត្ដិរបស់សហរដ្ឋអាមេរិក។
បើតាមសេចក្ដីថ្លែងការណ៍ នៃការិយាល័យរបស់លោកប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុងសេអ៊ូលនឹងអនុវត្តគោលនយោបាយការបរទេស និងសន្តិសុខរបស់កូរ៉េខាងត្បូង ដោយគ្មានការរអាក់រអួល ហើយខិតខំធានាដល់សម្ពន្ធភាព រវាងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ត្រូវតែថែរក្សា និងអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួន។
នៅក្នុងការប៉ុនប៉ងថែរក្សាស្ថិរភាពភាពជាអ្នកនាំប្រទេសនោះ គណបក្សប្រឆាំងដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា គណបក្សប្រឆាំងនឹងមិនស្វែងរកការចោទប្រកាន់ណាមួយ ប្រឆាំងនឹងលោកប្រធានាធិបតីស្ដីទី ហាន ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់ ជាមួយនឹងការសម្រេចប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី យូន ស៊ុកយូល កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
លោក លី ជេម្យុង (Lee Jae-myung) មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានប្រាប់ដល់ក្រុមអ្នកកាសែតថា៖«ដោយមើលឃើញថា លោកនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជាក់រួចហើយ ជាប្រធានាធិបតីស្តីទី និង បានពិចារណាថា ការចោទប្រកាន់ហួសហេតុ អាចនាំឱ្យមានការភ័ន្តច្រឡំ នៅក្នុងអភិបាលកិច្ចជាតិ យើងបានសម្រេចចិត្តមិនបន្តនីតិវិធីចោទប្រកាន់នោះឡើយ»៕
