
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានធ្វើទំនើបកម្មការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ និងមានរោងចក្រសហគ្រាសចំនួន ៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួនបន្ថែមទៀត។
លោកមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ «យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈ ជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង»។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងទៀតថា៖ «ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន ឬរោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់នៅតាមប្រភពបំពុលសក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ»។
សូមបញ្ជាក់ថា រោងចក្រសហគ្រាសចំនួន ៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២ កន្លែង ដែលត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវតាមច្បាប់៕
