2024-12-16 14:35
147

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសន្និបាតបូលសរុបការងារបរិស្ថានឆ្នាំ២០២៤ និងលើកទីសដីការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា៖ «តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើដី ភាពស្អាតក្នុងទឹក ភាពស្អាតលើមេឃជាបន្តបន្ទាប់ និងមួយជំហានម្តងៗ ដើម្បីទទួលបានភាពស្អាតក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា៖ «ក្នុងយុទ្ធនាការ ដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសជាង ៩,៧ លាន អង្គ/នាក់និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ 

ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយបានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣»។ 

កន្លងមកនេះ ក្រសួងបរិស្ថាន បានផ្តល់ឡដុតសំរាមចំនួន ៦៣ គ្រឿង រថយន្ត ៨៨ គ្រឿង ម៉ូតូកង់បី ១៦១ គ្រឿង ធុងចម្រោះទឹក និងធុងសំរាមរាប់ពាន់ធុង ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម មានធុងដាក់សំរាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយ ធ្វើឱ្យប្រសើរឡើងនូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន។ 

ក្រសួងបានបន្តគាំទ្រ មធ្យោបាយ សម្ភារៈ ក្នុងនោះមានរថយន្តដឹកសំរាមចំនួន ១៨ គ្រឿង ដើម្បីគាំទ្រការចូលរួមសម្អាតផ្លូវជាតិឆ្ពោះទៅ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិនៅឆ្នាំ២០២៥»។ 

ដៃគូសហការមួយចំនួនទៀតបានគាំទ្រ និងផ្តល់សម្ភារជាបន្តបន្ទាប់ មកដល់ក្រសួងបរិស្ថានដើម្បីអនាគតកម្ពុជាមានភាពស្អាតផងដែរ៕