
ស្ទឹងត្រែង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលប្រារព្វនៅបរិវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង មានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ២៣៤នាក់។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនអង្គពិធីថា៖ ក្នុងខេត្តស្ទឹងត្រែង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ សរុបចំនួន ២៩ ៩៥៨ ខ្នងផ្ទះ ស្មើ ១០០% ក្នុងនោះមានខ្នងផ្ទះ ប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨ ០៧៧ ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និងខ្នងផ្ទះប្រើបង្គន់អនាម័យរួមមានចំនួន ១ ៨៨១ ខ្នងផ្ទះស្មើនឹង៦,២៨%។ លោកអភិបាលខេត្ត បានជម្រាបជូនអង្គពិធីអំពីស្ថានភាពភូមិសាស្ដ្រ និងសមិទ្ធផលរីកចម្រើនក្នុងខេត្តស្ទឹងត្រែងផងដែរ។
ជាមួយគ្នានោះតំណាងអង្គការភ្លែនអន្ដរជាតិ បានលើកឡើងពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការងារប្រតិបត្តិអនាម័យជនបទ ជាពិសេសចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជួយជំរុញខេត្តផ្សេងៗទៀតដែលមិនទាន់បានទទួលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែង សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តនាពេលនេះ។
លោករដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍បទបានលើកឡើងថា៖ «សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជនដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្តរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធីសែន បានបន្តទៀតថា៖ «ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព»។
សូមរំលឹកផងដែថា គិតត្រឹមថ្ងៃនេះមានរាជធានីខេត្តចំនួន ១៤ ហើយដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង ដែលជាខេត្តទី១៤៕
