2024-12-16 15:43
205

ភ្នំពេញ៖       អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ារីថែម គ្រុប (Maritime Group) ត្រូវបានព្រះករុណាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉» ក្រោយមានមានពាក្យបណ្តឹងរបស់អ្នកជំនួញជនជាតិសិង្ហបុរីម្នាក់ ចោទប្រកាន់ពីបទ៖ «បរិហាកេរ្តិ៍ និងគំរាមកំហែងទាប្រាក់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរ ព្រមទាំងឲ្យមានការរើសអើងជាសាធារណៈ»

សូមជម្រាបថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អតីតអ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ារីថែម គ្រុប បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានគណនីឈ្មោះ «Sithy Heng» ហ៊ានចេញមុខប្តឹងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យបើកការស្រាវជ្រាវលើករណីជនជាតិសិង្ហបុរីសញ្ជាតិខ្មែរម្នាក់ ឈ្មោះ Phua Gek Seng ហៅTak ដោយចោទប្រកាន់ថា ជាឧក្រិដ្ឋជនលាងលុយខ្មៅរាប់រយលានដុល្លារអាមេរិក តាមរយៈកាស៊ីណូអនឡាន និងមានការស៊ីណូនៅព្រំដែនជ្រៃធំ។

ក្រោយមានការបង្ហោះលើបណ្តាញសង្គមចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ បុរសឈ្មោះ PHUA GEK SENG ជនជាតិសិង្ហបុរី កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៥៦ កាន់លិខិតឆ្លងដែន លេខ K0730715Z មានអាសយដ្ឋានស្នាក់នៅអាគារ 32A THEVIEW RESIDENCE BKK1 សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្តឹងឈ្មោះ ហេង សិទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅផ្ទះលេខ ៦២LM ផ្លូវលេខ ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sithy Heng និងប្រើប្រាស់គណនីតេឡេក្រាមលេខ +666-6164-7891 ពីបទ បរិហាកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរ ព្រមទាំងឲ្យមានការរើសអើងជាសាធារណៈ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន។

តាមពាក្យបណ្តឹងរបស់ឈ្មោះ PHUA GEK SENG ជនជាតិសិង្ហបុរី បានឱ្យដឹងថា៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានគណនីតេឡេក្រាមមួយមានលេខ +666-6164-7891 (Telegram) ដែលមានឈ្មោះ Sithy Heng បានឆាតទំនាក់ទំនងមកខ្លួនដោយមានខ្លឹមសារគំរាមទាមទារឱ្យប្រគល់ទឹកប្រាក់ សរុបចំនួន USD ,០០០,០០០ (ពីរលានដុល្លារសហរដ្ឋអាមេរិក) ដោយទុករយៈពេល ៣០នាទី បើមិនព្រមប្រគល់ប្រាក់តាមការទាមទាទេនោះ ឈ្មោះ ហេង សិទ្ធី ថានឹងបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែគាត់ (PHUA GEK SENG) មិនព្រមប្រគល់ប្រាក់តាមការគំរាមកំហែងរបស់គេនោះទេ។ លុះរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng (ជារបស់ឈ្មោះ ហេង សិទ្ធី ប្រើប្រាស់) បានយករូបភាពរបស់ខ្លួបទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយខ្លឹមសារថា៖ «ជម្រាបជូនសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាមានប្រតិបត្តិករកាស៊ីណូអនឡាញធំជាងគេ ជនជាតិសាំងហ្គាពួរ សញ្ជាតិខ្មែរ ឈ្មោះហៅក្រៅ Tak ដែលបានលួចចូលមកកម្ពុជាសំងំ និងធ្វើដោយសំងាត់បំផុត ដើម្បីលាងលុយ និងបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ រួមទាំងប្រជាពលរដ្ឋខ្មែរ ថៃ ឡាវ មីយ៉ាន់ម៉ា ទួរគី ចិន កូរ៉េ តៃវ៉ាន់ និងប្រទេសផ្សេងទៀតក្នុងតំបន់។ ពួកគេកំពុងប្រើប្រាស់កម្មវិធី សូហ្វវែរ បច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើតគេហទំព័រខុសច្បាប់រាប់រយគេហទំព័រ ជាពិសេសបោកប្រាស់លុយរាប់លានដុល្លារ បស់ប្រជាជនអាស៊ានរាប់លាននាក់ ដែលកំពុងក្លាយជាជនរងគ្រោះនៃសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ»

ក្នុងបណ្តឹងរបស់ឈ្មោះ PHUA GEK SENG បានបញ្ជាក់ទៀតថា៖ ឈ្មោះ ហេង សិទ្ធី បានបង្ហោះលើបណ្តាញសង្គមដោយចោទប្រកាន់ខ្លួនថាជា «ថៅកែចាស់ទំនើងសញ្ជាតិសឹង្ហបុរី ជាមេឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតនេះ បានបង្ហាញម៉ាកយីហោកាស៊ីណូ ក្រុមហ៊ុនរបស់ខ្លួនដែលមានឈ្មោះថា AFB88 ដែលជាកាស៊ីណូខុសច្បាប់ និងទ្រព្យសម្បត្តិរបស់គាត់ដែលប្រមូលផ្តុំបានមកពីសកម្មភាពបោកប្រាស់ និងលាងលុយ មានរថយន្តមហាទំនើបជាច្រើនគ្រឿង រួមមាន Bugatti ដែលមានតម្លៃប្រហែល ៦លានដុល្លារ, កាស៊ីណូនៅព្រំដែនវៀតណាមជ្រៃធំ ក្រុងព្រះសីហនុ និងជាច្រើនទីតាំង ព្រមទាំងទ្រព្យសម្បត្តិប្រហែល ១ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ»។ 

ពាក់ព័ន្ធករណីខាងលើនេះ បុរសបរទេសមានឈ្មោះ PHUA GEK SENG បានស្នើឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកឈ្មោះ ហេង សិទ្ធី យកមកផ្តន្ទាទោស និងអនុវត្តតាមនីតិវិធីច្បាប់, ប្តឹងទាមទារសំណងការខូចខាត និងជំងឺចិត្តជាប្រាក់ចំនួន USD ,០០០,០០០ (មួយលានដុល្លារសហរដ្ឋអាមេរិក)៕