2024-12-17 12:38
145

អតីតប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បាននិយាយថា លោកមិនដែលមានបំណងភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីនោះទេ ហើយនេះជាសេចក្ដីថ្លែងការណ៍ដំបូងរបស់លោក ចាប់តាំងពីការដួលរលំនៃទីក្រុង Damascus កាលពីប្រាំបីថ្ងៃមុន។

ហើយការពោលបែបនេះ របស់លោក អាសាដ ត្រូវបានគេឃើញលោកបង្ហោះដាក់នៅលើបណ្ដាញ តេលេក្រាម (Telegram) ដែលជាកម្មសិទ្ធរបស់លោក កាលពីថ្ងៃ ចន្ទ បើទោះបីជាគេមិនច្បាស់ថា តើអ្នកណាជាអ្នកគ្រប់គ្រងវា ឬលោក អាសាដ ជាអ្នកសរសេរវាដោយខ្លួនឯងក៏ដោយ។

ក្នុងសំណេរនោះផងដែរ លោកបានបញ្ជាក់ថា នៅពេលដែលរដ្ឋធានីស៊ីរីធ្លាក់ទៅពួកឧទ្ទាម លោកបានទៅកាន់មូលដ្ឋានយោធារុស្ស៊ីមួយ ដែលស្ថិតក្នុងខេត្ត Latakia ក្នុងគោលបំណងដើម្បីត្រួតពិនិត្យប្រតិបត្តិការប្រយុទ្ធ។ 

ហើយលោកបានបន្តថា មូលដ្ឋានទ័ពអាកាស Hmeimim ក៏បានស្ថិតនៅក្រោម ការវាយប្រហារកាន់តែខ្លាំងដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ហើយទន្ទឹមនឹងនោះ ជនជាតិរុស្ស៊ីក៏បានសម្រេចចិត្តបញ្ជូនលោកតាមអាកាសទៅកាន់ទីក្រុងមូស្គូតែម្ដងទៅ។ 

នេះជាការបញ្ជាក់របស់អតីតមេដឹកនាំស៊ីរី ដែលធ្វើការពណ៌នាអំពីអ្វីដែលបានកើតឡើងនៅថ្ងៃទី ០៨ ខែ ធ្នូ និងពីរបៀបដែលគាត់ត្រូវបានឡោមព័ទ្ធនៅមូលដ្ឋានរុស្ស៊ី។

បើទោះបីជាមានការបញ្ជាក់បែបនេះពីលោក អាសាដ យ៉ាងណាក៏ដោយ ក៏ត្រូវបានគេរំពឹងទុកថា លោក អាសាដ បានភៀសខ្លួនចេញពីប្រទេសស៊ីរី ខណៈដែលភ្លាមៗសូម្បីតែនាយករដ្ឋមន្រ្តីរបស់លោក ក៏មិនអាចទាក់ទងលោកបានដែរ អំឡុងពេលដែលក្រុមឧទ្ទាមបានធ្វើការវាយលុកចូលក្នុងក្រុងដាម៉ាស។ 

ហើយស្របពេលនោះដែរ នៅថ្ងៃទី ០៩ ខែ ធ្នូ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏បានប្រកាសថា លោក អាសាដ ត្រូវបានគេផ្ដល់សិទ្ធជ្រកកោនឲ្យរស់នៅទីនោះជាបណ្ដោះអាសន្នសិន បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយក៏ដោយ។

ហើយពេលនេះផងដែរ ក្រុមឧទ្ទាមស៊ីរី កំពុងតែបន្តបង្កើតរដ្ឋាភិបាលអន្តរកាល។