2024-12-18 12:14
166

ភ្នំពេញ៖     អ្នកស្រីសាំង សុម៉ាលី ជាភរិយារបស់លោកគ្រូ អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរ បានអះអាងប្រាប់ក្រុមអ្នកយកព័ត៌មានផ្នែកកីឡាគុនខ្មែរថា៖ «ស្ថានភាព និងសុខភាពរបស់ប្តីអ្នកស្រីមានការប្រសើឡើងវិញបន្តិចហើយ ក្រោយការចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ បន្ទាប់វិលត្រឡប់ដឹកនាំកូនសិស្ស និងក្រុមកីឡាករគុនខ្មែរទៅប្រកួតនៅលើទឹកដីនៃប្រទេសអូស្រ្តាលី»។

នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ លោកគ្រូ អេ ភូថង អតីតស្ដេចប្រដាល់គុនខ្មែរ រហស្សនាម អ្នកលេងជង្គង់ហោះ កែងឆេះ ជូបនូវបញ្ហាសុខភាពធ្ងន់ ពេលត្រឡប់មកពីប្រទេសអូស្ត្រាលី គ្រាន់តែដល់ព្រលានយន្តអន្តរជាតិភ្នំពេញ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។

អ្នកស្រីសាំង សុម៉ាលី បានបញ្ជាក់ថា៖ រាល់លើកពេលដែលប្តីអ្នកស្រីដឹកនាំកូនសិស្សទៅប្រកួតនៅក្រៅប្រទេសតែងតែហៅទូរសព្ទប្រសួរសុខទុក្ខប្រពន្ធកូន និងកូនសិស្សនៅក្លឹប ប៉ុន្តែលើកនេះគាត់ហៅទូរសព្ទមកដោយនិយាយលាលោកស្រីថា «អូនអើយបងទៅប្រជាទៅហើយ….ពេលនោះលោកស្រីបានផ្តល់កម្លាំងឱ្យគាត់ទ្រាំធ្វើម៉េចធ្វើដំណើរមកដល់ស្រុកខ្មែរសិន បន្ទាប់មកប្តីលោកយំទៀតផង ដោយសារទ្រាំនូវអាការៈនៃជំងឺប្រចាំកាយ»។ អ្នកស្រីបានបន្តទៀតថា៖ «ក្រោយពីសង្គ្រោះបន្ទាន់សុខភាពល្អប្រសើបន្តិចក៏ចេញពីមន្ទីរពេទ្យ ប៉ុន្តែប្តីលោកស្រីមិនព្រមទៅសម្រាកនៅផ្ទះ ដើម្បីយកកម្លាំងនោះទេ គឺបារម្ភពីការហ្វឹកហាត់របស់សិស្ស និងបានទាមទាទៅមើលក្លឹបសិន»។

ភរិយាលោកគ្រូ អេ ភូថង អតីតស្តេចប្រដាលគុនខ្មែរ បានលើកឡើងទៀតថា៖ «ប្រសិនជាមានលើកក្រោយមានកូនៗរបស់លោកស្រី ឬកូនសិស្សចេញទៅប្រកួតនៅក្រៅប្រទេសទៀត លោកស្រីមិនអាចឱ្យប្តីររបស់គាត់ទៅម្នាក់ឯងទៀតទេ គឺលោកស្រីត្រូវរួមដំណើរទៅជាមួយដែរ ដើម្បីមើលថែសុខភាពប្តីលោកស្រី»។

ពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់លោក អេ ភូថង កីឡាករ រឿង សោភ័ណ្ឌ ដែលរួមដំណើរជាមួយលោក អេ ភូថង និងកីឡាករផ្សេងៗទៀត ទៅចូលរួមការប្រកួតនៅប្រទេសអូស្ត្រាលីនោះ បានបញ្ជាក់ថា៖ «សុខភាពរបស់លោកគ្រូ អេ ភូថង មិនសូរស្រូលតាំងមិនទាន់ចេញម្លេះ។ ទោះបីជាគាត់ឈឺ ប៉ុន្តែមិនចោលកូនសិស្ស និងកីឡាករប្រដាល់ដែលរួមដំណើរទេ គាត់អង្គុយរុំដៃឱ្យកីឡាករទាំងឈឺ ព្រោះការុំដៃនៅបរទេសមិនចេះរុំដូចនៅកម្ពុជាឡើយ»។

សូមជម្រាបថា លោក អេ ភូថង មានរាំរ៉ៃច្រើនមុខ ដូចជា លើជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃឈាមបេះដូង និងលើសជាតិស្ក ព្រមទាំងធ្លាប់ឆ្លងជំងឺកូវីដ-១៩ ផងដែរ។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ លោកគ្រូ អេ ភូថង បានរួមដំណើរជាមួយកីឡាករ កីឡាការិនីគុនខ្មែរ ចំនួន ០៦ រូប ចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីជាលើកទី២។ ចំពោះលទ្ធផលសម្រាប់ការប្រកួតរបស់ កីឡាករ-កីឡាការិនីកម្ពុជាទាំង៦រូបទទួលបានជោគជ័យ៤រូប បានវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈពេលធ្វើដំណើរវិលមកវិញ លោកគ្រូ អេ ភូថង ជួបបញ្ហាសុខភាពខ្លាំង រហូតដើរលែងរួចទើបក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់៕