
សៀមរាប៖ ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួន ក្នុងបន្ទាយទាហានយោធាមួយកន្លែង សេនាតូចវិស្វកម្មទិសបញ្ជារការស្រាល នៃយោធភូមិភាគទី៤ ដែលករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យអាចពាក់ព័ន្ធអំពើឃាតកម្ម ទើបឃាត់ខ្លួនបុរសជាប្តី ដើម្បីយកទៅសាកសួរតាមនិតិវិធី។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ២៣និង៤០នាទី ចំណុច ក្នុងបន្ទាយទាហាន វរសេនាតូចវិស្វកម្មទិសបញ្ជារការស្រាល នៃយោធភូមិភាគទី៤ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អ៊ីត ស្រីស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប បានមកស្នាក់នៅបណ្ដោះអាសន្នជាមួយប្ដីជាមន្ត្រីយោធាមានឈ្មោះ ឈៀង ផលគុណ អាយុ ៣៥ឆ្នាំ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើកោសលវិច័យឃើញមានស្នាក់ស្នាមមួយចំនួន សង្ស័យមានការពាក់ព័ន្ធអំពើឃាតកម្ម ទើបស្នើសុំគោលការណ៍ពីថ្នាក់លើដោយមានការសម្របស្រួលនិតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីយកមកសាកសួរតាមនិតិវិធីជុំវិញករណីនេះ ដើម្បីបញ្ជាក់ការពិត និងច្បាស់លាស់ជាករណីអត្តឃាតចង.កសម្លាប់ខ្លួនឯង ដោយសារទំនាស់ផ្ទៃក្នុងគ្រួសារ ឬជាករណីឃាតកម្ម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការស្រុកវ៉ារិន សហការជាមួយនគរបាលរដ្ឋបាលស្រែណូយបាននាំខ្លួនឈ្មោះ ឈៀង ផលគុណ ជាប្ដីមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្រែណូយ ដើម្បីស្តាប់ចម្លើយ និងបន្តនិតិវិធី រីឯសពក្រោយពិនិត្យរួចរាល់បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕