2024-12-18 15:45
170

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួង នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារដោយក្រុមមន្ត្រីបេសកកម្ម របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពិភាក្សាការអនុវត្ត គម្រោងនានា ដែលឧបត្ថម្ភគាំទ្រថវិកាពីសាធារណរដ្ឋកូរ៉េ។នៅក្នុងឪកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី ស៊ី ជុងយឿន អនុប្រធានអង្គការ KOICA ប្រចាំប្រទេសកម្ពុជា និងប្រតិភូទាំងអស់មកពី ទីស្នាក់ ការកណ្តាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបាន ចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការ អភិវឌ្ឍន៍ មូលធនមនុស្សសុខាភិបាល និងការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្ត ក៏ដូចជាការគាំទ្រ ផ្សេងៗទៀត។

ជាការឆ្លើយតប លោកស្រីអនុប្រធានអង្គការ KOICA បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលតែងតែសហការគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្ត គម្រោងនានាគាំទ្រដោយអង្គការ KOICA និងបានស្នើសុំក្រសួងសុខាភិបាលបន្តកិច្ចសហការ ជា ប្រពៃ ណីដ៏ល្អនេះសម្រាប់ការអនុវត្តគម្រោងនានាដែលកំពង់ដំណើរការផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនសមភាគីកូរ៉េ អំពីអាទិភាពទាំង៩ និងអាទិភាពគន្លឹះទាំង៣ របស់ក្រសួងសុខាភិបាល សម្រាប់អណត្តិទី៧ នៃរដ្ឋសភា។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ លើវិស័យសុខាភិបាល និងបានស្នើ សុំអង្គការ KOICA បន្តគាំទ្រទាំងថវិកា និងបច្ចេកទេស ទោះបីកម្ពុជាស្ថិតនៅក្នុងដំណើរនៃការ ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចក៏ដោយ ជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋា រចនា សម្ព័ន្ធសុខាភិបាល ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលសុខាភិបាល ក្នុងការរួម ចំណែកសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសាកលនាឆ្នាំ២០៣៥។

គួរបញ្ជាក់ថាកិច្ចប្រជុំខាងលើនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យ កុមារ ជាតិ មន្ត្រីនៃមន្ទីពេទ្យកុមារជាតិ នាយកដ្ឋានព៌តមានសុខាភិបាល នាយក ដ្ឋានការពារសុខភាព នាយកដ្ឋានថវិកានិងហិរិញ្ញវត្ថុ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីពេទ្យបង្អែកដង្កោ ផងដែរ ។