
ក្នុងឱកាសនៃជំនួប, លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃឧស្សាហកម្មស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០ កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០ នាក់ គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួន ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ, បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ផងដែរ។
តបតាមសំណូមពររបស់ សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុងការផលិតស៊ីម៉ង់ត៍ក្នុងស្រុកដែលមានគុណភាពខ្ពស់ និងតម្លៃសមសមរម្យ ដើម្បីជួយជាប្រយោជន៍បន្ថែម ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់៕