
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមទ្វេភាគី រវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក FUNAKOSHI Takehiro អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ភាគីទាំងពីរ ប្តេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
សូមជម្រាបថា នៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម ជាមួយលោក FUNAKOSHI Takehiro អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ក្នុងឱកាសដែលលោកអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ជប៉ុន លើកទី២។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក FUNAKOSHI Takehiro បានពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗ នៃស្ថានការណ៍តំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕

