
ភ្នំពេញ៖ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនស្រតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានធ្វើការណែនាំ ឱ្យក្រសួងបរិស្ថាន ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញភាពស្អាតក្នុងសហគមន៍តាមរយៈការពង្រឹងគ្រប់គ្រងសំរាម, ការជំរុញកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច, យុទ្ធនាការធ្វើអនាម័យ និងសម្ព័ន្ធភាពតាមដងផ្លូវផងដែរ។ ក្នុងន័យនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវ ប្រើប្រាស់វិធានការអប់រំជាគោល ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ប៉ុន្តែជាមួយគ្នានោះ ត្រូវមានវិធានការរដ្ឋបាល និងអាចដល់វិធានការច្បាប់ ចំពោះបុគ្គល ឬសហគ្រាស ក្រុមហ៊ុន កន្លែងណា ដែលមិនសហការ និងបង្កឱ្យមានភាពកខ្វក់ប៉ះពាល់ដល់ភាពស្អាត និងបរិស្ថាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តបំផុសចលនាសម្អាតតាមដងផ្លូវជាតិធ្វើយ៉ាងណាឱ្យឆ្នាំ២០២៥ គ្មានសំរាម និងគ្មានកាកសំណល់ប្លាស្ទិចរាយប៉ាយតាមដងផ្លូវនៅទូទាំងប្រទេស ក៏ដូចជាត្រូវបន្តជំរុញ និងលើកទឹកចិត្តញ៉ែកនូវប្រភពនៃការកែច្នៃសំណល់ ជាពិសេសសំណល់ប្លាស្ទិកតាមរយៈការរៀបចំឱ្យមានធនាគារប្លាស្ទិកនៅតាមសាលារៀន វត្តអារាម ការធ្វើជីកំប៉ុស្តតាមសហគមន៍ ការរៀបចំឱ្យសហគមន៍គ្មានសំណល់ និងសំរាម។ អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវបន្តលើកកម្ពស់ការទុកដាក់សំណល់ចុងក្រោយ តាមរយៈការកែទីលាន ដែលមានស្រាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំទីលានថ្មីឱ្យស្របតាមបទដ្ឋានបច្ចេកទេស។
ឯកឧត្តម នេត សាវឿន បានបន្តទៀតថា ក្រសួងបរិស្ថាន ត្រូវប្រើប្រាស់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យតាមដានដោះស្រាយ ការឆ្លើយតបតមបន្ទាន់ លើការងារទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវជំរុញអនុវត្តច្បាប់តឹងរឹង និងគ្រប់ជ្រុងជ្រោយ លើកិច្ចគាំពារបរិស្ថាននៅតាមប្រភពបំពុល ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ។ ការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យ និងដំឡើងផែនទីតាមដានគុណភាពទឹកស្វ័យប្រវត្តិនៅតាមប្រភពទឹកសាធារណៈសំខាន់ៗ ទូទាំងប្រទេស ព្រមទាំងជំរុញមន្ទីរពិសោធន៍ឱ្យក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានជាតិ ដែលមានសមត្ថភាព ការវិភាគភស្តុតាងវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។
នាឱកាសនោះ ឯកឧត្តម នេត សាវឿន បានអំពាវនាវដល់ក្រសួង បន្តអនុវត្តវិធានការគន្លឹះទាំង ៤ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបន្តជំរុញអនុវត្តច្បាប់ជាធរមាន។ បង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រក្នុងការផ្ដល់ផែនទីកែវរណបជាប្រចាំជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា។ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកៀរគរគ្រប់ភាគី ដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានបណ្ដុះបណ្ដាល និងមហាជននានា ធានាឱ្យបាននូវវឌ្ឍនភាពថវិកា ដើម្បីគ្រប់គ្រងប្រព័ន្ធការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។
ឯកឧត្តម នេត សាវឿន សូមគូសបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តបទបញ្ជាលេខ ០០១ បប ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ម៉ឺងម៉ាត់ និងគ្មានការលើកលែងជាដាច់ខាត ដែលនេះ គឺជាគោលការណ៍សម្អាតផ្ទះយើង សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យស្អាតជាប់ជាប្រចាំ ដើម្បីពង្រីកភាពស្អាតស្អំ អភិបាលកិច្ចល្អ និងជាគំរូក្នុងការអនុវត្តច្បាប់៕
