2024-12-19 12:00
131

កំពង់ស្ពឺ៖ ក្រោយសមត្ថកិច្ចទទួលបានការ Comment ចូលផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពីសំណាក់ប្រជាពលរដ្ឋ ថាមានករណីចែកចាយគ្រឿងញៀន នៅមុខសាលាបឋមសិក្សា ត្រពាំងអោប ភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុក បានសហការជាមួយនគរបាលប៉ុស្តិ៍ចុះស្រាវជ្រា និងបង្ក្រាបមុខសញ្ញាជនសង្ស័យ បានចំនួន ០៤នាក់។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ដោយទទួលបានការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ ជុន ច័ន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះស្រាវជ្រាវកំណត់មុខសញ្ញាបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង នៅចំណុច ក្បែរត្រពាំងទឹក មុខសាលារៀនបឋមសិក្សា ត្រពាំងអោប ស្ថិតនៅភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច។

មុខសញ្ញាគ្រឿងញៀន ចំនួន ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ សម្បត្តិ លីណា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង។ ២- ឈ្មោះ ភិន ចាន់ធា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង។ ៣- ឈ្មោះ ហ៊ឿន សុភារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្រីប្រសើរ ឃុំធម្មតាអរ ស្រុកសំរោងទង និង ទី៤- ឈ្មោះ យ័ន្ត ចាន់ឡាន់ ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិស្រីប្រសើរ ឃុំធម្មតាអរ ស្រុកសំរោងទង។

ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៨កញ្ចប់ (មធ្យម ០១កញ្ចប់ និងតូច០៧កញ្ចប់) សង្ស័យជាគ្រឿងញៀន, ទូរសព្ទដៃ ចំនួន ០២ គ្រឿង, ដាវ ចំនួន០១ ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងខ្សៀ ចំនួន ០២ ដើម។

បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បូចាត់ការតាមនីតិវិធី៕