2024-12-19 15:33
150

ភ្នំពេញ៖ ក្រសួងព័ត៌មានបានសហការ ជាមួយអង្គការយូណេស្កូ (UNESCO) នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ បានរៀបចំសន្និសីទ ស្តីពី ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភូគាត្រា រាជធានីភ្នំពេញ។

សន្និសីទ ស្តីពី ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះ នឹងរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែក បទពិសោធន៍ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលបាននិងកំពុងកើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយសបស្រម ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

សន្និសីទដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តឡើងមួយថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមជា អធិបតី ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Sardar Umar Alam តំណាងប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) និងតំណាងស្ថានទូតស៊ុយអែត។ ជាមួយគ្នានេះ សន្និសីទនេះ នឹងមានកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព, ទី២. ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន និង ទី៣. និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជីថល «បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា»

សន្និសីទខាងលើនេះ នឹងមានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ រាប់បញ្ចូលទាំងមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារលើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសិស្ស-និស្សិត សរុបប្រមាណ ២០០នាក់។ ជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានពីការប្រព្រឹត្តទៅ និងលទ្ធផលនៃសន្និសីទនេះ នឹងផ្សព្វផ្សាយជូនជាសាធារណៈក្រោយកម្មវិធី ត្រូវបានបញ្ចប់៕