2024-12-19 20:07
109

(ខេត្តក្រចេះ) រថយន្តវ៉េអងខ្នាតយក្សមួយគ្រឿងដែលគេតែងសង្កេតឃើញធ្វើសកម្មភាពដឹកជញ្ជូន ដើមឈើចម្រុះធំៗជាច្រើនដើមឆ្លងដែនទៅប្រទេសវៀតណាមប៉ុន្តែសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នដែល ឈរជើងនៅតាមគោលដៅតំបន់នោះ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប នាពេល កន្លងមកនោះ ប៉ុន្តែពេលនេះត្រូវអស់ល័ក្ខបានជាប់អន្ទាក់សមត្ថកិច្ចកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ។

រថយន្ត វ៉េអង្គខ្នាតយក្សខាងលើនេះ ពាក់ស្លាកលេខ ភ្នំពេញ 3 f 2645 ក្បាលពណ៌ខៀវ និងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4 A 8006 បានដឹកដើមឈើព្រៃនឹងឈើស្រុក ជាច្រើនប្រភេទ រួមមាន ដូចជា ស្វាយស្រុក ១ដើម ស្នាយ ៦ ដើម  កណ្តោល ២ដើម  ស្រឡៅ ១ដើម  រាំងទឹក ១ដើម នឹង ចំប៉ា ១ ដើម គោលបំណងដឹកឆ្លងទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែជាចៃដន្យ ខណៈរថយន្តខាងលើនេះ បើកមកដល់ចំណុចផ្លូវលំក្រាលគ្រួសក្រហម បត់ចូលទៅច្រករបៀងព្រំដែនដេ៣ ស្ថិតនៅក្នុង ភូមិ ត្រពាំងប្រស្រែ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ស្រាប់តែមានបញ្ហាផ្នែកធុងទឹកទៅមុខលែងរួច បន្ទាប់មកក៏ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថស្រុកស្នួលសហការជាមួយ នឹង ជំនាញរដ្ឋបាលព្រៃឈើស្នួលធ្វើការបង្ក្រាបបានជាក់ស្តែងតែម្ដង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបថារថយន្តដឹកដើមឈើខាងលើនេះ តែងតែធ្វើសកម្មភាព ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមជាញឹកញាប់យូរណាស់មកហើយតែគេមិនដែល ឃើញមន្រ្តីជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតំបន់នោះ ធ្វើការបង្ក្រាប ម្ដងនៅឡើយ ជាហេតុធ្វើឲ្យមានមតិរិះគន់ថាដោយសាររថយន្តខាងលើនេះ មានខ្នងបង្អែក គ្រាក់ៗ នៅពីក្រោយ ទើបសមត្ថកិច្ចមិនហ៊ានប៉ះពាល់និងធ្វើការបង្ក្រាប បែបនេះ។

ចំណែកអ្នកបើកបររថយន្តដឹកឈើខាងលើនេះបានឲ្យដឹងដែរថាការដឹកជញ្ជូនដើមឈើចម្រុះខាងលើនេះ ទាល់តែបើកឆ្លង កាត់ទៅដល់ទឹកដីប្រទេសវៀតណាមទើបមានសិទ្ធិ ទម្លាក់ឈើហើយក៏មាន រថយន្តវៀតណាម នៅឈរចាំដើម្បីសាងបន្តផងដែរ ។

ជាមួយគ្នានោះបើតាមការបញ្ជាក់ឲ្យដឹងពីនាក់រត់ការផ្លូវដែលជាជនជាតិវៀតណាមចំនួនពីរនាក់ ទី១ ឈ្មោះ ត្រយ និងទី ២ ឈ្មោះ មោក បាននិយាយអួតក្តែងៗថា រាល់ការដឹកជញ្ជួនរបស់ពួកគេ កន្លងមក គ្មានសមត្ថកិច្ចណាហ៊ាន ប៉ះពាល់នោះទេ ព្រោះគេមានខ្នងបង្អែក ឈរចាំកាងពីក្រោយនិងបាន រត់ការ តាមដងផ្លូវ តាំងពីខេត្តត្បូងឃ្មុំ រហូតដល់ខេត្តក្រចេះ ផងដែរ។ 

សូមបញ្ជាក់ថាបន្ទាប់ពីឃាត់រថយន្តខាងលើនេះ និងត្រួតពិនិត្យឃើញថាមិនមានលិខិតស្នាមឬច្បាប់ អនុញ្ញាតនោះសមត្ថកិច្ចក៏បានសម្រេចអូសយករថយន្តខាងលើនេះទៅរក្សាទុក នៅសង្កាត់រដ្ឋបាល ព្រៃឈើស្នួល ដើម្បីរង់ចាំមានវិធានការបន្តតាមនីតិវិធី ៕