2024-12-19 20:09
111

ព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណី បំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញកាកសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានករណី រាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ខ្លះៗ ផងដែរ។ 

ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន (Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែលស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុច ជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជាជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហរ។ 

ក្រុមការងារក្រសួងបរិស្ថាន ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ ផងដែរ។

សូមបញ្ចាក់ថា ការបំពុលទឹក ដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងល្មើសនឹង មាត្រា ៤ និងមាត្រា ៦ និងមាត្រា ៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។ ជាវិធានការចំពោះមុខ ក្រុមការងារបានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការជាបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណ ដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រុមការងារ បានណែនាំឱ្យម្ចាស់ក្រុមហ៊ុន ត្រូវបញ្ឍប់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំងក្រុមហ៊ុនចូលព្រែកអូរផ្អាវជាបន្ទាន់ ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចូលព្រែកផ្អាវទាំងអស់និងពីទីតាំងក្រុមហ៊ុន ឆ្ពោះទៅដល់ព្រែកកំពង់ស្មាច់ផងដែរ។ លើសពីនេះ ក្រុមហ៊ុន ត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ 

មន្ត្រីជំនាញតម្រូវឱ្យក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកផ្អាវ ដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ព្រែកកំពង់ស្មាច់ ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារកំពុងបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ ពីការបំពុលបរិស្ថាន ដោយរោងចក្រខាងលើបន្ថែមទៀត៕