2024-12-20 12:20
129

ភ្នំពេញ៖ បុរសម្នាក់ មានមុខរបរជាចោរ ត្រូវបានជនរងគ្រោះជាម្ចាស់ទូរសព្ទ ប្រទះឃើញកំពុងយកទូរសព្ទដែលលួចយកទៅនោះ ឱ្យជាងដោះ ICloud និងជើងថ្មចេញ បានរាយការណ៍ប្តឹងតាមរយៈលេខទូរសព្ទបន្ទាន់ទៅកាន់កងរាជអាវុធហត្ថរាជធានភ្នំពេញ ចុះឃាត់ខ្លួនបាន និងដកហូតវត្ថុប្រគល់ជូនម្ចាស់វិញ។

អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៩និង១១នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ ពីជនរងគ្រោះតាមរយៈលេខទូរសព្ទបន្ទាន់ (១២៩១) ដើម្បីសុំកិច្ចអន្តរាគមន៍លើករណី លួចទូរសព្ទ ចំនួន ០២ គ្រឿង ចេញពីចំណុច ស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថសែនសុខ បានចុះដល់ទីតាំងកើតហេតុសហការជាមួយជនរងគ្រោះធ្វើការស្រាវជ្រាវ និងពួនស្ទាក់ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដើម្បីយកមកសួរនាំ។

បុរសដែលជាជនសង្ស័យមានឈ្មោះ សែម ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ខណៈដែលកំពុងតែយកទូរសព្ទដែលខ្លួនបានលួចពីជនរងគ្រោះយកទៅឱ្យជាងជួយដោះ ICloud និង ជើងថ្មចេញ នៅចំណុច ផ្លូវ២០០២ ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ 

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ០១ គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-4941, ទូរសព្ទដៃ ចំនួន ០២ គ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត របស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាព និងទូរសព្ទដៃរបស់ជនរងគ្រោះ ចំនួន ០២ គ្រឿង ម៉ាក iphone13pro Max (បានប្រគល់ជូនម្ចាស់ដើមវិញ)។

ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឲ្យដឹងថា «ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរសព្ទរបស់ជនរងគ្រោះ ពិតប្រាកដមែន»។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕