2024-12-20 12:46
176

ព្រះសីហនុ៖ មន្ត្រីគ្រប់គ្រងផ្នែករដ្ឋបាលនៃសាលាដំបូងខេត្តព្រះសីហនុម្នាក់ ត្រូវបានឃាត់ខ្លួននាំទៅកាន់ការិយាលយ័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ក្រោយបើករថយន្តបង្កឱ្យមានគ្រោះថ្នាក់ចរាចរបុករះបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ចំនួន ០៣នាក់ទៀត រងរបួសធ្ងន់ ត្រង់ចំណុច ចំណោតលោកយាយម៉ៅចុះពីផ្សារឃ្លាំងលើ ក្រុងព្រះសីហនុ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា វេលាម៉ោង ១៨និង៣០នាទី នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុច ចំណោតលោកយាយម៉ៅឃ្លាំងលើ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានរថយន្ត Ford ០១ គ្រឿង បើកបរក្នុងល្បឿនលឿន ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង 1.17mg/L (១.១៧មីលីក្រាមក្នុងមួយលីត្រខ្យល់) បានបុករះរថយន្តស៊េរីទំនើប ០១គ្រឿង និងម៉ូតូ ០១គ្រឿងទៀត ពេញទំហឹងបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួស។

របាយការណ៍បានឱ្យដឹងថា រថយន្ត ០១ គ្រឿង ម៉ាក Ford Rager ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-6565 បើកបរដោយឈ្មោះ ឆេង សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមន្ត្រីគ្រប់គ្រងផ្នែករដ្ឋបាលនៃសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយបង្កគ្រោះថ្នាក់។

របាយការណ៍បានឱ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តបង្កបានធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតឆ្ពោះទៅលិចចុះពីចំណោតលោកយាយម៉ៅឃ្លាំងឆ្ពោះមកកំពង់ផែក្រុងព្រះសីហនុ ក្នុងល្បឿនលឿនបានបុកគូតរថយន្ត ០១ គ្រឿង ម៉ាក Alpahard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CD-9919 បើកបរដោយឈ្មោះ ជា ស៊ុនបូរ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិត្រពាំងរកា ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមានអ្នករួមដំណើរ ០១នាក់ទៀត មានឈ្មោះ WANG QIJUN ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ រួចរថយន្តបង្កបានរ៉េចង្កូតទៅផ្នែកឆ្វេងដៃ បុកម៉ូតូ ០១ គ្រឿងទៀត ម៉ាក HONDA ZOOMER-X ពណ៌ទឹកក្រូចលាយខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកំពង់ផែ និងមានអ្នករួមដំណើរជាមួយ ចំនួន ០២នាក់ មានឈ្មោះ លី ចំរើនរតនៈ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស និងឈ្មោះ អ៊ូ សុវណ្ណសូនីតា ភេទស្រី អាយុ ៨ឆ្នាំ មុខរបរសិស្ស អ្នកទាំងបីមានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលបើកមកពីទិសដៅបញ្ច្រាស់គ្នាអូសជាច្រើនម៉ែត្រ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរភ្លាមៗ រីឯកអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនយកទៅសាកសួរតាមនិតិវិធី និងបានធ្វើតេស្តរកជាតិអាល់កុលលទ្ធផលរកឃើញមាន 1.17mg/L(១.១៧មីលីក្រាមក្នុងមួយលីត្រខ្យល់)។

បច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្តុតាងសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕