
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាល កម្រិតមូលដ្ឋានស្តីពីការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពតាមប្រព័ន្ធ Zoom។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមានដូចជាទី១. ដើម្បីបង្ហាញអំពីសាវតារបស់គម្រោង “អ្នកសម្អាតជួរមុខ” ទី២. ដើម្បីផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលកម្រិត មូលដ្ឋានស្ដីពីការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទំាសុខភាព។
នៅក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការសម្អាតបរិស្ថានក្នុងការបង្ការជំងឺឆ្លង និងបង្កើនសុវត្ថិភាពនៅក្នុងមូលដ្ឋានសុខភាពព្រមទាំងបានធ្វើការសរសើរពីកិច្ចសហការ រវាងក្រសួងសុខាភិបាលវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការវ័តធឺអេតកម្ពុជាក្នុងការអនុវត្តការសម្អាតបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយគុណភាពសេវាសុខាភិបាល និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យបានគូសបញ្ចាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ និងផ្តល់សេវាសុខភាពជូនប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានលើកទឹកចិត្តដល់មន្ត្រី និងសិក្ខាកាមទាំងអស់ដែលបានចូលរួម សូមយកកម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋាន ស្តីពីការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពទៅប្រើប្រាស់ និងបណ្តុះបណ្តាលដល់ ក្រុមការងារឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
នៅក្នុងអង្គសិក្ខានោះផងដែរ ការមានធ្វើបទបង្ហាញលើប្រធានបទ “កម្មវិធីបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការសម្អាតបរិស្ថាន នៅក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព” ដែលផ្តោតសំខាន់ លើគោលបំណងចំនួន ៣ រួមមាន ១) សាវតារបស់គម្រោង អ្នកសម្អាតជួរមុខ ២) ចំនុចសិក្សា មេរៀនបទពិសោធន៍ ពីការអនុវត្តគម្រោងអ្នកសម្អាតជួរមុខ ៣) កម្មវិធីបណ្ដុះបណ្ដាល កម្រិត មូលដ្ឋានស្ដីពីការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាលនិងថែទាំសុខភាព។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ បានសហការណ៍រៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការវ័តធឺអេតកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាល ស្រុក ប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកទាំង ២៥ រាជធានី-ខេត្ត និងតំណាងដៃគូអភិវឌ្ឍ គ្រូឧទ្ទេស មន្ត្រី សម្របសម្រួលមកពីនាយកដ្ឋានមន្ទីរពេទ្យ មន្រ្តីសម្របសម្រួលមកពីវិទ្យាស្ថានជាតិសុខភាព សាធារណៈ និងលោក លោកស្រីដែលជាបុគ្គលិករបស់អង្គការវ័តធឺអេតសរុបប្រមាណជា ២០០នាក់ តាមប្រព័ន្ធនិមិត្ម Zoom។
