រដ្ឋធានីវ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្ដសហរដ្ឋអាមេរិក មានចំនួនដ៏ច្រើនលើសលប់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ បានច្រានចោលនូវសេចក្តីស្នើច្បាប់ផ្តល់មូលនិធិ ដឹកនាំដោយគណបក្សសាធារណរដ្ឋ ដែលមានគោលបំណងបញ្ចៀសនូវការបិទរដ្ឋាភិបាលដោយភ្នាក់ងារសហពន្ធន៍ ព្រោះតែការអស់ប្រាក់នៅយប់ ថ្ងៃសុក្រ និងបញ្ឈប់ប្រតិបត្តិការ ចាប់ពីចុងសប្តាហ៍នេះ។
នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។
សេចក្ដីស្នើច្បាប់ដ៏ចម្រូងចម្រាសនេះ នឹងផ្អាកដែនកំណត់ខ្ចីប្រាក់របស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោកទាំងសេដ្ឋកិច្ច និងយោធាមួយនេះ សម្រាប់ការកាន់តំណែងរយៈពេលពីរឆ្នាំដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) និងការជំពាក់បំណុលរាប់សិបនាក់ នៅក្នុងចំណោមឥស្សរជនរបស់គណបក្សសាធារណរដ្ឋ បាននាំឲ្យមានការប្រឆាំងជាថ្មីចំពោះការដឹកនាំរបស់ពួកគេសម្រាប់ការពន្លិចកញ្ចប់បំណុលទាំងនេះ។
នេះជាបរាជ័យមួយ សម្រាប់មេដឹកនាំគណបក្សសាធារណរដ្ឋ ដោយរួមជាមួយលោកមហាសេដ្ឋីបច្ចេកវិទ្យា អេឡុន ម៉ាស់ខ៍ (Elon Musk) ដែលបានទម្លាក់ទម្ងន់របស់គាត់ នៅពីក្រោយផែនការនេះ។
សេចក្ដីស្នើច្បាប់នេះ ទាមទារឲ្យមានការគាំទ្រ២ភាគ៣ ប៉ុន្ដែសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានបង្ហាញយ៉ាងច្បាស់ អំពីការមិនបោះឆ្នោតគាំទ្រ។
លោក ហាឃីម ជេហ្វហ្វ្រាយស៍ (Hakeem Jeffries) មេដឹកនាំមតិភាគតិចរបស់គណបក្សប្រជាធិបតេយ្យ បានបញ្ជាក់នៅមុនការបោះឆ្នោតថា៖« សេចក្ដីស្នើច្បាប់ ...នេះ មិនធ្ងន់ធ្ងរនោះទេ តែវាជាការគួរឱ្យអស់សំណើច»។
ដោយឡែក សេតវិមាន បានពិពណ៌នា ថា ការអនុម័តច្បាប់នេះជាអំណោយផលសម្រាប់ក្រុមមហាសេដ្ឋី។
ស្របគ្នានេះដែរ លោកស្រី ខារីន ហ្សង់-ព្យែរ (Karine Jean-Pierre) អ្នកនាំពាក្យរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា សមាជិកសភាជើងចាស់របស់គណបក្សប្រជាធិបតេយ្យ គាំទ្រដល់កិច្ចព្រមព្រៀងរបស់សភាទាំង២គណបក្ស ដើម្បីរក្សារដ្ឋាភិបាលឲ្យនៅបើកចំហ ... តែមិនមែនជាការផ្តល់រង្វាន់ សម្រាប់តែក្រុមមហាសេដ្ឋី ដែលគណបក្សសាធារណរដ្ឋកំពុងតែស្នើសុំនោះឡើយ៕