រដ្ឋធានីមូស្គូ៖ មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានប្រកាសអំពីត្រៀមខ្លួន សម្រាប់សម្របសម្រួលជាមួយនឹងលោក ដូណាល់ ត្រាំ ក្រោយពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ បានអំពាវនាវដល់ភាគីជម្លោះទាំង២ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែនត្រូវតែបង្កើតបទឈប់បាញ់ជាបន្ទាន់ និងងាកមករកតុចរចា។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា គាត់បានត្រៀមខ្លួនរួចរាល់អស់ សម្រាប់សម្របសម្រួលជុំវិញបញ្ហាអ៊ុយក្រែននៅក្នុងលទ្ធភាពណាមួយ អាចចរចាជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីបញ្ចប់សង្គ្រាម ហើយមិនមានលក្ខខណ្ឌ សម្រាប់ការចាប់ផ្ដើមចរចាណាមួយជាមួយនឹងអាជ្ញាធរអ៊ុយក្រែន នោះឡើយ។
លោក ដូណាល់ ត្រាំ បានប្ដេជ្ញាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ឲ្យបានឆាប់បំផុតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គាត់។
ប៉ុន្ដែប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ មិនបានបញ្ជាក់ អំពីផែនការលម្អិតរបស់គាត់នោះឡើយ។
លោកប្រធានាធិបតី ពូទីន បានប្រាប់ដល់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ US News Channel ថា គាត់បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ជួបជាមួយលោក ដូណាល់ ត្រាំ ព្រោះគាត់មិនបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ប៉ុន្ដែនៅពេលសួរថាតើគាត់អាចផ្តល់អ្វីខ្លះ ដល់លោក ត្រាំ នោះ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានច្រានចោលការអះអាង ដែលបានលើកថា រុស្ស៊ីស្ថិតក្នុងស្ថានភាពទន់ខ្សោយ ខណៈលោកពូទីន បានអួតអាងថា កម្លាំងទាហានរុស្ស៊ី មានភាពរឹងមាំជាងមុន ចាប់តាំងពីគាត់បានបញ្ជាឱ្យកម្លាំងទាហានរបស់គាត់ វាយលុកលុយចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។
លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា៖«យើងតែងតែនិយាយថា យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា និងការសម្របសម្រួលបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយរុលចូលទៅមុខ នៅតាមសមរភូមិជាច្រើន ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅចម្បងរបស់ក្រុងមូស្គូនៅលើទឹកដីរបស់អ៊ុយក្រែន»។
មេដឹកនាំវិមានក្រឹមឡាំងរូបនេះបានបន្ដថា៖«មិនយូរប៉ុន្មាននោះទេ កងទ័ពអ៊ុយក្រែនដែលចង់ប្រយុទ្ធនឹងរត់ចោលជួរ។
នេះបើតាមគំនិតរបស់ខ្ញុំ មិនយូរមិនឆាប់កងទ័ពអ៊ុយក្រែន នឹងមិនមានអ្នកនៅបន្ដប្រយុទ្ធទៀតនោះឡើយ។
យើងត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែភាគីម្ខាងទៀត ក៏ត្រូវតែត្រៀមខ្លួន សម្រាប់ការចរចា និងការសម្របសម្រួលនេះផងដែរ»។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ កាលពីខែ វិច្ឆិកា ថា លោកប្រធានាធិបតី ពូទីន កំពុងតែបើកផ្លូវពិភាក្សា លើកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយនឹងប្រធានធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្ដែរុស្ស៊ី នៅតែទាមទារឲ្យអ៊ុយក្រែន ធ្វើសម្បទានទឹកដីដ៏ធំមួយផ្នែកណាមួយមកដល់ក្រុងមូស្គូ និងបានទទូចឲ្យរដ្ឋាភិបាលក្រុងកៀវ បោះបង់ចោលមហិច្ឆតារបស់ខ្លួនចូលរួមជាមួយនឹងអង្គការណាតូ៕