សៀមរាប៖ គ្រូព្យាបាលជំងឺបែបបុរាណ ដោយប្រើប្រាស់ម្ចុលវិទ្យាសាស្ត្រលើកុមារ ហើយបានថតបង្ហោះលើបណ្តាញសង្គម ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ស្រាវជ្រាវកំណត់ទីតាំងចុះធ្វើការត្រួតពិនិត្យរកឃើញគ្មានច្បាប់ត្រឹមត្រូវ គ្មានលក្ខណៈវិទ្យាសាស្ត្រ និងបំផ្លើសការពិតហួសពីវិជ្ជាជីវៈសុខាភិបាល។
មន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា បុគ្គលម្នាក់ មានឈ្មោះ សេក ដារ៉ា ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានគណនីឈ្មោះ «សេក ដារ៉ា ម្ចុលប្រាក់» បានធ្វើការការផ្សព្វផ្សាយការព្យាបាលជំងឺកុមារ ដែលមានពិការភាព ដូចជាមិនចេះនិយាយ មិនចេះដើរ ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ និងមានលក្ខណៈបំផ្លើសការពិតហួសពី វិជ្ជាជីវៈសុខាភិបាល។
ក្រោយពីទទួលបានព័ត៌មាននេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ ដោយមានកិច្ចសហការពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានកំណត់ទីតាំង និងចុះទៅដល់ទីតាំងផ្ទាល់របស់បុគ្គលរូបនជ បានសាកសួរត្រួតពិនិត្យទីតាំងខាងលើ សមត្ថកិច្ចរកឃើញថា «បុគ្គលឈ្មោះ សេក ដារ៉ា ពិតជាបានទទួលការព្យាបាលជំងឺកុមារ ដោយប្រើម្ជុលវិទ្យាសាស្ត្រ ពិតប្រាកដមែន និងមានផ្សព្វផ្សាយចរាចរលក់ថ្នាំបុរាណ ដែលផ្សំឡើងគ្មានរូបមន្តច្បាស់លាស់ និងគ្មានអនាម័យ ពិសេសបានផ្សព្វផ្សាយព័ត៌មាន តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម អំពីការព្យាបាលជំងឺកុមារ និងអ្នកជំងឺជាច្រើនទៀត»។
ក្រោយសមត្ថកិច្ចចម្រុះបានពិនិត្យលើឯកសារ និងនៅទីតាំងនេះ ជាលទ្ធផលបញ្ជាក់ថា «បុគ្គលឈ្មោះ សេក ដារ៉ា បើកទីតាំងព្យាបាលជម្ងឺ រួមទាំងមានការលក់ថ្នាំបុរាណដោយគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាល និងបានធ្វើការផ្សព្វផ្សាយព័ត៌មានព្យាបាលជម្ងឺរបស់ខ្លួនតាមប្រព័ន្ធទំនាក់ទំនងសង្គម ប្រាស់ចាកការពិត ដែលជាលក្ខណៈវិទ្យាសាស្ត្រ»។
ពាក់ព័ន្ធនឹងករណីគ្រូព្យាបាលជំងឺដោយចាក់ម្ចុលវិទ្យាសាស្ត្រ និងលក់ថ្នាំបុរាណគ្មានច្បាប់គ្មានវិជ្ជាជីវៈខាងលើ មន្ត្រីមានសមត្ថកិច្ចបានចាត់វិធានការដូចតទៅ៖ «ត្រូវបញ្ឈប់ជាបន្ទាន់នូវការព្យាបាលជំងឺគ្រប់ប្រភេទ, ការលក់ឱសថគ្រប់ប្រភេទជូនអតិថិជនរបស់ខ្លួន, បញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយការ ការព្យាបាលជំងឺរបស់ខ្លួននៅក្នុងប្រព័ន្ធទំណាក់ទំនងសង្គម និងដកចេញឲ្យអស់រាល់ការផ្សព្វផ្សាយការព្យាបាលជំងឺរបស់ខ្លួនដែលមានពីមុនមកចាប់ពីថ្ងៃផ្តិតមេដៃ»។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះគ្រប់សកម្មភាពរបស់ ឈ្មោះ សេក ដារ៉ា បើមិនអនុវត្តតាមកិច្ចសន្យារបន្ទាប់ពីផ្តិតមេដៃ។
សេចក្តីប្រកាសព័ត៌មាននេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប សូមប្រកាសជូនសាធារណជន ទាំងអស់មេត្តាជ្រាប និងផ្តល់ពត៌មានមកមន្ទីរសុខាភិបាលក្នុងករណីឈ្មោះ សេក ដារ៉ា នៅបន្តប្រព្រឹត្តល្មើស៕