ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តប្រេងសាំងធម្មតា៣៩៥០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) និងប្រេងម៉ាស៊ូត៣៨០០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) ។
នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ។
-យោងប្រកាសអន្តរក្រសួងលេខ ០០៨៣ ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា
-យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា
-យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ
-ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងត្រូវ លក់៤ ២១១រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង ៤ ០៦១រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។
អនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់៣១ ខែធ្នូ ឆ្នាំ២០២៤ គឺចុះមក៣ ៩៥០រៀល/លីត្រ សម្រាប់ប្រេង សាំងធម្មតា Gasoline 92 និង៣ ៨០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm៕