ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់បងប្អូនអាជីវករ ដែលលក់ដូរនៅក្នុងផ្សារអូរដូនតា ស្ថិតនៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខនិងសំណូមពររបស់ប្រជាពលរដ្ឋទាំងនៅតំបន់ទីផ្សារនិងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ដោយសារប្រទេសជាតិ ក៍ដូចជាខេត្តប៉ៃលិនយើង មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះផ្សារអូរដូនតា នៅថ្ងៃអនាគតក៏មានផែនការគ្រោងរៀបចំកែរលំអបន្ថែម និងតូបលក់ដូរ អោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពររបស់បងប្អូនអាជីវករ ជាពិសេសផ្តល់នូវសេវាដល់អតិថិជនពីគ្រប់មជ្ឍដ្ឋានរួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់ បងប្អូនអាជីវករក្នុងផ្សារអូរដូនតាទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យនិងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អប្រសើ។ ដោយ,ស សារឿន