2024-12-24 11:12
169

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលមានមន្រ្តីក្រោមឱវាទចូលរួមជិត ២០០នាក់ នៅអគ្គនាយកដ្ឋានកៅស៊ូ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនាថ្ងៃនេះ ដើម្បីតម្រង់ទិសអគ្គនាយកដ្ឋានកៅស៊ូសម្រាប់ទិសដៅអនុវត្តការងារឆ្នាំ២០២៥ ។ 

លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់អង្គពិធីត្រូវចូលរួមពិភាក្សាលើផែនការថវិកា ការប្រើប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់ ប្រៀបធៀបនឹងផែនការរំពឹងទុក ព្រមទាំងពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្ម ជាមួយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥ កាន់តែមានប្រសិទ្ធភាព និងដាក់អាទិភាពចំគោលដៅ។

ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកៅស៊ូ ក្នុងការបំពេញការងារពេញលេញ ជំរុញការស្រាវជ្រាវ បង្កើតបាននូវក្លូនកៅស៊ូ CRRI12 និងCRRI19 បានដោយជោគជ័យ និងបន្តបញ្ចេញក្លូននេះដល់បណ្តាអ្នកដាំកៅស៊ូទាំងអស់ ដើម្បីជំរុញក្លូនកៅស៊ូនេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី ត្រូវគិតគូរពីវិស័យកៅស៊ូ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានសេដ្ឋកិច្ច មាត្រដ្ឋាន រៀបចំមូលដ្ឋានច្បាប់ បច្ចេកទេសច្បាស់លាស់ សិក្សាពីតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិត និងផ្តល់ផលចំនេញសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋ។ 

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថាការងារកៅស៊ូនេះ ត្រូវពិចារណាគិតគូរឱ្យបានវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ សំដៅជំរុញការពង្រឹងនូវផលិតកម្ម ដោយមិនមានការពង្រីកឡើយ។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អង្គប្រជុំត្រូវផ្តោតការពិភាក្សាលើការកសាងសហគមន៍កសិកម្មទំនើប ដែលប្រមូលផ្តុំនូវអ្នកដាំដុះកៅស៊ូ ជាបណ្តុំមួយមានភាពរឹងមាំ មានផែនការវិនិយោគ និងផលិតកម្មច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ៕