2024-12-26 08:58
153

(ភ្នំពេញ)៖   ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនតាមរយៈលោក ឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ជាពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននៃគម្រោងសហប្រតិបត្តិការ និងវិនិយោគជាមួយសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមកក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ក្រោមយន្តការភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) យន្តការមេគង្គ-ឡានឆាង និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្តនូវផែនការសកម្មភាពរវាងកម្ពុជា និងចិន ដើម្បីបង្កើតនូវសហគមន៍វាសនារួម កម្ពុជា-ចិន (២០២៣-២០២៧)។

ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបលោក Wang Wenbin និងគណៈប្រតិភូពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺការគ្រប់គ្រងធនធានទឹក សម្រាប់បម្រើលើគ្រប់វិស័យ និងការព្យាករឧតុនិយមនិងបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទឹក និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់លើគ្រប់វិស័យ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ។

លោក Wang Wenbin បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនធានទឹកនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខទឹក និងចូលរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគ ជាមួយសាធារណរដ្ឋប្រជាមានិតចិន តាំងពីឆ្នាំ២០០៩ មក និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធធនធានទឹក នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

ក្រោមហិរញ្ញប្បទានសម្បទានពីប្រទេសចិន បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ ដែលបានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ៕