
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជាសហធិបតីអញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពី «ការប្រឆាំងអំពើពុករលួយ» ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ចំនួន ៥៩៧ រូប ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការផ្សព្វផ្សាយនេះ តបតាមការស្នើសុំពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចល្អ សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការងាររបស់មន្រ្តីអនុវត្តច្បាប់។ ពិធីផ្សព្វផ្សាយច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងអភិបាលកិច្ចល្អ ព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។
ពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ ដោយមានការចូលរួមពីអនុប្រធាន ឧបការី អគ្គនាយករង នៃអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយនគរបាល សរុបចំនួនជិត ៦០០ នាក់៕



