2024-12-26 19:42
127

បន្ទាយមានជ័យ៖ ស្ត្រីជនជាតិថៃ ចំនួន ០២នាក់ និងទារិកា០២នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញចេញពីកម្ពុជា ដោយសារពាក់ព័ន្ធនឹងបទល្មើសលក់-ដូរមនុស្ស និងមានគោលដៅក្នុងរូបភាពស៊ីឈ្មួលពរពោះខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ 

ការប្រគល់-ទទួល និងបញ្ជូនចេញស្ត្រីជនជាតិថៃទាំង២នាក់ខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជា ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុម សុធី នាយរងផ្នែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងខាងភាគីថៃដឹកនាំដោយលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL នាយរងផ្នែកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ 

ដោយអនុវត្តតាមនិតិវិធី និងបទបញ្ជារបស់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ស្ត្រីជនជាតិថៃទាំង២នាក់ ត្រូវបានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៣ឆ្នាំ៕