2024-12-26 19:47
182

ភ្នំពេញ៖ យុវតីម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗយ៉ាងអាណោចអធម៌នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយដ៏រន្ធត់មួយដែលបានកើតឡើងកាលពីម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៦. ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស  ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ទូច សារើន ភេទស្រី អាយុ១៤ឆ្នាំ. មុខរបរ រត់តុនៅហាងសាច់គោអាំង បុរីពិភពថ្មីចំការដូង ស្នាក់នៅ ជាមួយឪពុកម្តាយ នៅភូមិទួលសំបូរ  សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពបន្ថែមថាមុនពេលកើតហេតុយុវតី រងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក អាយខុនពណ៌ ផ្កាឈូក លាយស ពាក់ផ្លាកលេខភ្នំពេញ1AR-3082  ចេញពីផ្ទះ បម្រុងនិងចេញទៅ ធ្វើការនៅហាង លក់ សាច់គោអាំង នៅបុរីពិភពថ្មីចំការដូងក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ចំនុចកើតហេតុ ក៏មាន រថយន្តដឹកប្រេងមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ3G-6238 បើកបរដោយបុរសម្នាក់ក្នុង ទិសដៅស្របគ្នាបានកៀរម៉ូតូរបស់យុវតីរងគ្រោះ បណ្តាលឲ្យដួល ទៅខាងឆ្វេងដៃត្រូវរថយន្ត កិន បែកក្បាលស្លាប់យ៉ាងរន្ធត់នៅកន្លែងកើតហេតុតែម្តង។ចំណែកអ្នកបើកបរនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចដេញស្ទាក់ចាប់បានភ្លាមៗនិងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃស សហការជាមួយ កម្លាំង ជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែង និងបានធ្វើកំណត់ហេតុ ប្រគល់សពយុវតី រងគ្រោះទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕