2024-12-27 20:51
106

រាជធានីភ្នំពេញ៖ កាលពីព្រឹក ថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខា ធិការក្រសួងសុខាភិបាលនិង ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការទទួលបន្ទុកវេជ្ជសាស្ត្រ បុរាណ អគ្គនាយករងបច្ចេកទេសសុខាភិបាល មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ នាយក ដ្ឋានឱសថ ចំណីអាហារ  បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក  លី ជុងជាំង លេខាធិការនៃមន្ទីរពេទ្យឱសថបុរាណចិន ទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ដើម្បីពិភាក្សា អំពីកិច្ច សហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្របុរាណរវាងកម្ពុជា-ចិន។

នៅក្នុងជំនួបខាងលើនេះឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចរបស់ លោក លី ជុងជាំង លេខាធិការនៃមន្ទីរពេទ្យឱសថបុរាណចិន ទីក្រុងសានថូវ ខេត្តក្វាងតុង និងប្រតិភូអម ព្រមទាំងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងបានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកវេជ្ជសាស្ត្របុរាណ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូស រំលេចអំពីជំនួយសហប្រតិបត្តិការរបស់សាធារណរដ្ឋប្រជាមានិតចិន ផ្នែកវេជ្ជសាស្រ្តបុរាណ លើការ ពង្រឹង សមត្ថភាព ទាំងធនធានមនុស្ស ទាំងស្ថាប័ន ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ កូវីដ-១៩ រួមទាំងការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្រ្តបុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

នៅក្នុងឪកាសនោះលោកលី ជុងជាំង បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ចំពោះការ ស្វាគមន៍យ៉ាងកក់ក្ដៅ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសុខាភិបាល និងប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ បុរាណ ព្រមទាំងបានស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ជាបន្តទៀត។

ជាការឆ្លើយតប  ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ច សហប្រតិ បត្តិការនេះ ប៉ុន្តែបានស្នើសុំឱ្យមានការពិភាក្សាក្នុងក្របខណ្ឌបច្ចេកទេសរវាងភាគីទាងពីរ ដើម្បីឱ្យកិច្ចសហការ នេះឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូត្បូង-ពេជ្រកម្ពុជា-ចិន ក៏ដូចជាចូលរួមចំណែកឈានទៅសម្រេចផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ច សហប្រតិបត្តិការកម្ពុជា-ចិន ឋិតថេរជាអមតៈ៕