2024-12-27 21:12
141

រដ្ឋធានីប៉េកាំង៖ ក្រុមអ្នកជំនាញយោធា បានអះងាង ថា ចិន បានបង្ហាញបង្ហាញពីការរចនាយន្តហោះថ្មី  នៅក្នុងគោលបំណងបង្អូតពីឆន្ទៈ សម្រាប់វិស័យឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសមហាយក្សអាស៊ីមួយនេះ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ថា រូបភាពមិនសូវច្បាស់ ពីយន្តហោះយោធាថ្មីចំនួនពីរប្រភេទរបស់ប្រទេសចិន មើលទៅមានលក្ខណៈលាក់លៀម ហើយត្រូវបានគេបង្ហោះ នៅតាមប្រព័ន្ធអ៊ិនធើរណេត កាលពីព្រឹកថ្ងៃសុក្រ។ ស្របគ្នានេះដែរ ក្រុមអ្នកជំនាញលើវិស័យការពារជាតិ បានអះអាង ថា យន្ដហោះទាំង២ប្រភេទនេះ មានការរចនាឡើងយ៉ាងច្បាស់ នៅក្នុងកម្រិតខ្ពស់ ប៉ុន្តែគេនៅមិនទាន់មានព័ត៌មានលម្អិតគ្រប់គ្រាន់ សម្រាប់ការសន្និដ្ឋានឲ្យបានច្បាស់លាស់នោះឡើយ។

ការរចនាយន្ដហោះចម្បាំងទាំងពីរប្រភេទ មិនមានកន្ទុយ ហើយបញ្ហានេះមានន័យ ថា យន្ដហោះនេះមិនមានលំនឹង សម្រាប់ជួយរក្សានូវការគ្រប់គ្រង។ ជាធម្មតា យន្តហោះបែបនេះ ត្រូវបានរក្សាលំនឹង ដោយកុំព្យូទ័រដែលបកស្រាយពីធាតុចូលគ្រប់គ្រងរបស់អ្នកបើកយន្តហោះ។

បើទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗ ជុំវិញសំណើសុំការអត្ថាធិប្បាយ ចំពោះយន្ដហោះចម្បាំងថ្មី ទាំងប្រភេទនេះបានឡើយ។ ដោយឡែក ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអះអាង ថា សហរដ្ឋអាមេរិក បានដឹងអំពីរបាយការណ៍នេះហើយ។ ប៉ុន្តែក្រសួងការពារជាតិអាមេរិក មិនមានការអត្ថាធិប្បាយបន្ថែម លើសពីអ្វីដែលត្រូវបានរាប់បញ្ចូល នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីកងទ័ពរំដោះប្រជាជនចិន នៅក្នុងខែធ្នូ ឆ្នាំ២០២៤នេះទេ។

សហរដ្ឋអាមេរិក បានចំណាយពេលជាច្រើន សម្រាប់កម្មវិធីឧត្ដភាពដែនអាកាសជំនាន់ទី៦ (NGAD) របស់ខ្លួន ដែលកំពុងតែអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ ថា តើកិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងត្រូវធ្វើឡើង ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) ដែរឬយ៉ាងណានោះឡើយ។

ស្របគ្នានេះដែរ ប្រទេសនៅតំបន់អឺរ៉ុប និង អាស៊ី កំពុងតែសហការគ្នា បង្កើតយន្តហោះជំនាន់ក្រោយដាច់ដោយឡែកមួយ នៅក្រោមកម្មវិធីយន្ដហោះប្រយុទ្ធរបស់ពិភពលោក (Global Combat Air Programme) ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានការប្រកាសពីក្រុមហ៊ុនរួមគ្នារបស់អង់គ្លេស-ជប៉ុន ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់វីដេអូដែលបង្ហាញពីទំហំធំរបស់យន្តហោះថ្មីទាំង២ប្រភេទរបស់ប្រទេសចិន ខណៈកំពុងតែហោះពីលើទីក្រុងឈេងឌូ (Chengdu) ដោយផ្គូរផ្គងអគារនៅក្បែរនោះ មានស្លាកសញ្ញា និមិត្តសញ្ញា និង ដើមឈើទៅនឹងរូបភាពផ្កាយរណប និង ឯកសាររូបភាព។ យន្តហោះរបស់ចិន នៅក្នុងរូបភាពតាមអនឡាញ មិនមែនជាម៉ូដគ្មានកន្ទុយទំនើបដំបូងនោះឡើយ។ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ  B-2 និង B-21 របស់សហរដ្ឋអាមេរិក សុទ្ធតែមានស្លាបហោះ ហើយយន្តហោះដែលមិនទាន់បានហោះជាច្រើនទៀត ដូចជា Lockheed Martin RQ-170 និង យន្ដហោះ CH-7 របស់ចិន គ្មានកន្ទុយ។

ដោយឡែក សារព័ត៌មាន គ្រប់គ្រងរដ្ឋចិន Xinhua (ស៊ីនហួ) បានរាយការណ៍ កាលពីព្រឹក ថ្ងៃសុក្រ ទី២៧ ខែធ្នូ ថា កងទ័ពជើងទឹករំដោះប្រជាជនចិន បានចាប់ផ្តើមប្រតិបត្ដិការនាវាថ្មីបំផុតរបស់ខ្លួន៕