2024-12-28 13:28
123

កាលពីថ្ងៃទី ២៥ ខែធ្នូ មនុស្សចំនួន ៣៨ នាក់ បានស្លាប់នៅពេលដែលជើងហោះហើរ Azerbaijan Airlines ដែលត្រូវចុះចតក្នុងប្រទេសរុស្ស៊ីបានធ្លាក់នៅកាហ្សាក់ស្ថាន។

កាលៈទេសៈជុំវិញនៃការធ្លាក់យន្តហោះនេះនៅតែមិនត្រូវបានគេដឹងច្បាស់លាស់ ប៉ុន្តែរហូតមកដល់ពេលនេះមានភស្តុតាងមួយចំនួនបានបង្ហាញថាវាអាចរងការខូចខាតដោយសារមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ខណៈដែលវាបានព្យាយាមចុះចតនៅ ឆេចយ៉ា (Chechnya) ។ 
 

ហើយនេះជាតម្រុយខ្លះៗដែលយើងអាចដឹងទាក់ទងនឹងជើងហោះហើរ J2-8243៖
+ អំឡុងពេលជើងហោះហើរហោះឡើង
នៅព្រឹកព្រលឹមក្នុងថ្ងៃបុណ្យណូអែល ជើងហោះហើរ J2-8243 បានហោះចេញពីអាកាសយានដ្ឋាន Baku រដ្ឋធានីនៃប្រទេស Azerbaijan ។ 

នៅលើយន្តហោះមានអ្នកដំណើរចំនួន ៦៧ នាក់ ដែលភាគច្រើនជាជនជាតិ Azerbaijani ក៏ដូចជាអ្នកមកពីប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថានផងដែរ។ 

យន្តហោះនោះជាប្រភេទ Embraer 190 ដែលដំណើរការដោយក្រុមហ៊ុន Azerbaijan Airlines។ 

+ J2-8243 ចូលទៅ Grozny ដែលជាទឹកដីរបស់រុស្ស៊ី
អ្នកដំណើរដែលនៅរស់បាននិយាយថា នៅពេលដែលជើងហោះហើរទៅជិត Grozny វាបានចូលទៅក្នុងអ័ព្ទក្រាស់។ 

ពួកគេពិពណ៌នាអំពីអ្នកបើកយន្តហោះដែលព្យាយាមចុះចតយន្តហោះពីរដងក្នុងអំឡុងពេលលក្ខខណ្ឌទាំងនេះ។ 

ពួកគេបានបន្តថា វាជាការប៉ុនប៉ងលើកទីបី ដែលពួកគេបានមានអារម្មណ៍ថាមានការផ្ទុះជាបន្តបន្ទាប់បានបុកយន្តហោះ។ 

ហើយក្នុងនោះ ក៏មានវីដេអូដែលថតបានពេលហោះហើរដោយអ្នកដំណើរម្នាក់បានបង្ហាញរបាំងអុកស៊ីហ្សែនព្យួរពីពិដាន។

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេស Azerbaijan លោក Rashad Nabiyev បាននិយាយថា "អ្នករស់រានមានជីវិតទាំងអស់ដោយគ្មានករណីលើកលែង បាននិយាយថាពួកគេបានឮសំឡេងផ្ទុះចំនួនបីដងនៅពេលដែលយន្តហោះស្ថិតនៅពីលើ Grozny" ។

លោកបាននិយាយថា យន្តហោះនេះត្រូវបានទទួលរង "ការជ្រៀតជ្រែកពីខាងក្រៅ" និងបានខូចខាតទាំងខាងក្នុង និងខាងក្រៅ នៅពេលដែលវាព្យាយាមចុះចត។ 

ដែលក្នុងនោះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ុយក្រែនបាននឹងកំពុងកំណត់គោលដៅលើ ឆេចយ៉ា (Chechnya) និងផ្នែកផ្សេងទៀតនៃ កូកាស៊ីស (Caucasus) របស់រុស្ស៊ី ជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកថែមទៀតផង។

ក្រោយការធ្លាក់នេះ អាជ្ញាធរនៅទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារបែបនេះបានបង្កឲ្យមានការបិទដែនអាកាសខាងលើ Grozny ។ 

+ J2-8243 បង្វែរទៅកាហ្សាក់ស្ថាន
បន្ទាប់ពីឧប្បត្តិហេតុនៅលើ Grozny យន្តហោះបានបង្វែរចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ (280 ម៉ាយ) ខាងកើតទៅកាន់អាកាសយានដ្ឋាន អាកតា (Aktau) ក្នុងប្រទេសកាហ្សាក់ស្ថាន។ 

វានៅតែមិនច្បាស់ថាហេតុអ្វីបានជាវាត្រូវបានបង្វែរនៅលើសមុទ្រ កាសព្យែន (Caspian) ដែលជាការធ្វើដំណើរឆ្ងាយជាងជម្រើសផ្សេងទៀតជាច្រើន។

+ ការចុះចតរបស់ J2-8243
វីដេអូនៅជិតកន្លែងកើតហេតុ បានបង្ហាញពីយន្តហោះចុះពីលើអាកាសយ៉ាងលឿនមុននឹងវាធ្លាក់មកដី និងរអិលជាច្រើនរយម៉ែត្រក្នុងអណ្តាតភ្លើងផងដែរ។ 

ក្នុងហេតុការណ៍នៃការធ្លាក់យន្តហោះនេះផងដែរ មនុស្ស ៣៨នាក់បានស្លាប់ និង ២៩នាក់នៅរស់រានមានជីវិត ហើយខ្លះទៀតក៏រងរបួសធ្ងន់ផងដែរ ។ 

ហើយអ្នកដែល បានរស់រានមានជីវិតភាគច្រើនត្រូវបានគេសន្និដ្ឋានថា ភាគច្រើនពួកគេអង្គុយនៅកៅអីខាងក្រោយយន្តហោះ។

តើយន្តហោះដែលធ្លាក់នេះត្រូវបានវាយប្រហារដោយការការពារអាកាសរបស់រុស្ស៊ីពិតមែនឬទេ?

បើយោងតាមសេចក្តីរាយការណ៍បឋមពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញថា មុនធ្លាក់យន្តហោះនេះបានបុកជាមួយនឹងហ្វូងសត្វស្លាប។ 

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញអាកាសចរណ៍ និងអ្នកផ្សេងទៀតក្នុងប្រទេស Azerbaijan ជឿថា ប្រព័ន្ធ GPS របស់យន្តហោះត្រូវបានរងផលប៉ះពាល់ដោយការកកស្ទះអេឡិចត្រូនិច ហើយវាត្រូវបានខូចខាតដោយគ្រាប់ផ្លោងពីការបំផ្ទុះមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី។
 

ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់ប្រទេស Azerbaijan បានជៀសវាងការចោទប្រកាន់រុស្ស៊ីដោយផ្ទាល់ ប៉ុន្តែប្រភពរដ្ឋាភិបាល Azerbaijani បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការស៊ើបអង្កេតបានកំណត់អត្តសញ្ញាណអាវុធដែលបានបាញ់ទៅលើជើងហោះហើរ ថាជាប្រព័ន្ធប្រឆាំងយន្តហោះរបស់រុស្ស៊ី Pantsir-S ។

តែស្របគ្នានេះដែរ រហូតមកដល់ពេលនេះ វិមានក្រឹមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍ដែលយន្តហោះនេះត្រូវបានវាយប្រហារដោយអាវុធរុស្ស៊ីឡើយ។

+ ការស៊ើបអង្កេត
ឧបករណ៍កត់ត្រាការហោះហើររបស់យន្តហោះ ដែលមានទិន្នន័យដើម្បីជួយកំណត់មូលហេតុនៃការធ្លាក់ត្រូវបានរកឃើញ។

បើតាមរបាយការណ៍នៅទីក្រុងបាគូបានបង្ហាញថា ទាំងរុស្ស៊ី និងកាហ្សាក់ស្ថានបានស្នើឱ្យមានគណៈកម្មាធិការមួយមកពីរដ្ឋឯករាជ្យ (CIS) ដែលជាអង្គការក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ី ស៊ើបអង្កេតការធ្លាក់យន្តហោះ ប៉ុន្តែ Azerbaijan បានទាមទារការស៊ើបអង្កេតអន្តរជាតិជំនួសវិញ។ 

ហើយក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines និងក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្សេងទៀត ក៏បានធ្វើការផ្អាកជើងហោះហើរទៅកាន់ទីក្រុងមួយចំនួនរបស់រុស្ស៊ីផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការធ្លាក់យន្តហោះនេះ។