
(កំពត) នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤នេះលោកជំទាវ មុយ វីរ័ត្ន អភិបាលរងខេត្តកំពត បានថ្លែងគូសបញ្ជាក់នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ០២៤ក្រោមប្រធានបទ កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ្គសម័យឌីជីថល ដែលបានរៀបចំធ្វើឡើងនៅសាលបូកគោខេត្តកំពត។
លោកជំទាវ មុយ វីរ័ត្ន អភិបាលរងខេត្តកំពតបានលើកឡើងទៀតថា នាបច្ចុប្បន្ននេះដោយសាររបបគំហើញនៃយុគ្គសម័យបច្ចេកវិទ្យាឌីជីថលពិសេសនៅលើបណ្ដាញទំនាក់ទំនងសង្គមនេះជះផលវិជ្ជមាន និងអវិជ្ជមានដល់សង្គម ដែលបង្កើតឱ្យមានបទល្មើសអនឡាញក្នុងនោះមានករណីឆបោកកាតរំលោភបំពានលើផ្លូវភេទស្ត្រីនិងកុមារនិងការជួញដូរមនុស្សជាដើមដោយប្រើធម្យោបាយផ្សេងៗទៀតជាច្រើននាបច្ចុប្បន្ននេះផងដែរ។
ដូច្នេះហើយអាជ្ញាធរខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា អំពើជួញដូរមនុស្សជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយផ្លូវចិត្ត រហូតដល់អាយុជីវិតមនុស្សក្មេងចាស់ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ និងឈានទៅដល់ការបំផ្លាញដំណើរការអភិវឌ្ឍន៍សង្គមជាតិ។
ហើយការបង្ការទប់ស្កាត់ជាអាទិភាពចម្បង ក្នុងការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទាមទាឲ្យមានការចូលរួមទាំងអស់គ្នា។
ដើម្បីកាត់បន្ថយ និងចូលរួមលប់បំបាត់បទល្មើសអនឡាញ ពិសេសការជួញដូរមនុស្សគ្រប់ទម្រង់ កម្ពុជាមានយុទ្ធនាការធំៗចំនួន២ គឺអន្តរសាសនាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលតែងរៀបចំនៅថ្ងៃទី២០ ខែសីហា និងទិវា១២ ធ្នូ នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សនិស្សិត យុវជន អាជ្ញាធរ មន្ត្រីពាក់ព័ន្ធឲ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា ព្រោះអំពើជួញដូរមនុស្សជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយ ផ្លូវចិត្ត រហូតដល់អាយុជីវិត មនុស្សក្មេងចាស់ ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ។
លោកជំទាវបានសង្កត់ធ្ងន់ថា អាជ្ញាធរ មន្ទីរ អង្គភាពជុំវិញខេត្ត បានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទារទោស និងការពារប្រជាជន និងជនបរទេសមកស្នាក់នៅកម្ពុជា ក៏ដូចជាខេត្តកំពត ឲ្យមានសុវត្ថិភាព រួចផុតពីការជួញដូរមនុស្ស បន្តបោសសម្អាតមិនឲ្យជនល្មើសយកទឹកដីកម្ពុជា ជាជម្រកនៃឧក្រិដ្ឋកម្មបានឡើយ៕




