2024-12-29 15:48
139

ខេត្តកែប៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលបានអញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីការតម្រង់ទិស និងរៀបចំផែនការពង្រឹងការងារស្នូលរបស់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលដែលប្រព្រឹត្តទៅរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសង្គហៈមិត្ត ខេត្តកែប។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញជាអធិបតីភាពរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបិទអង្គសិក្ខាសាលា។

អង្គសិក្ខាសាលាបានដំណើរការ ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ត្រី ទាំងអស់ នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ក្នុងគោលបំណង កំណត់ចក្ខុវិស័យ ទិសដៅ  យុទ្ធសាស្ត្រជាអាទិភាព និងផែនការប្រចាំឆ្នាំទៅតាមមុខងាររបស់នាយកដ្ឋាននីមួយៗ និងស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាល និងកម្មវិធីគោលនយោបាយជាអាទិភាពទី១ របស់រាជរដ្ឋាភិបាល គឺ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល» ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧  នៃរដ្ឋសភា សំដៅទទួលបាននូវសមិទ្ធិផលដ៏ត្រចះត្រចង់។

ឯកឧត្តមវេជ្ជបណ្ឌិត ឡូ  វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបិទអង្គសិក្ខាសាលា បានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងការរៀបចំផែនការប្រចាំឆ្នាំ ការកំណត់សូចនាករ ការរៀបចំយន្តការក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការ ក៏ដូចជាការរៀបចំប្រពន្ធ័អេឡិចត្រូនិកក្នុងការធ្វើផែនការ និងរបាយការណ៍ បានកាន់តែប្រសើរឡើងក្នុងឆ្នាំ២០២៥ និងឆ្នាំខាងមុខ។ 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកថា ការធ្វើផែនការបានល្អនៅថ្នាក់នាយកដ្នានជាមូលដ្ឋាន សម្រាប់ធ្វើអោយផែនការរបស់ អគ្គនាយកដ្ឋានបានល្អ និងធ្វើអោយផែនការរបស់ក្រសួងកាន់តែមានភាពល្អប្រសើរ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាអាទិភាពរបស់ស្ថាប័ន។

គួរបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ មន្រ្តី បុគ្គលិក ក្នុងនាយកដ្ឋានទាំង ៩ នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលសរុបចំនួន ៨០ រូប ដោយទទួលបានការគាំទ្រពីអង្គការ CHAI