
ថៃ៖ យុវជនម្នាក់ដែលមានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថៃបានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានជួលក្នុងតម្លៃ 30,000 បាតដើម្បីផឹកស្រាវីស្គីមួយដប 350ml ។
គាត់ត្រូវបានគេឃើញនៅក្នុងវីដេអូជាច្រើន ដែលទទួលយកបញ្ហាប្រឈមដែលបង់ប្រាក់ដើម្បីផឹកស្រាយ៉ាងឆាប់រហ័សដើម្បីលុយ។
បុរសដែលរងគ្រោះខាងលើមានឈ្មោះថា ថាណាកាន (Thanakarn) ហើយនៅក្នុងវីដេអូបានបង្ហាញពី យុវជនរូបនេះ ព្យាយាមផឹកស្រាវីស្គីយ៉ាងរហ័ស និងត្រង់ស្រាផឹកទាំងពិបាកនៅក្នុងខ្លួន ស្របពេលដែលហ្វូងមនុស្សជាច្រើនបានអបអរសាទរក្នុងពិធីជប់លៀងមួយ ហើយចំពោះវីដេអូនេះផងដែរ ក៏ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម។
អ្នកចូលរួមពិធីជប់លៀងមួយចំនួនត្រូវបានគេឃើញថតរូបគាត់តាមទូរស័ព្ទតាមផងដែរ។
ក្រោយពីបញ្ចប់នៃការផឹកស្រានោះ ថាណាកាន (Thanakarn) មើលទៅឈឺ ហើយត្រូវបានគេរាយការណ៍ថារូបគេបានក្អួតមុនពេលដែលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមុនពេលដែលយុវជនរូបនេះបានស្លាប់។
គួរបញ្ជាក់ថា ថាណាកាន (Thanakarn) រស់នៅជាមួយជីដូនកំសត់របស់ខ្លួនតាំងពីនៅតូចនៅទីក្រុងបាងកក បន្ទាប់ពីឪពុកម្តាយរបស់គាត់បានបែកគ្នានៅពេលគាត់មានអាយុ ត្រឹមតែ២ ខែប៉ុណ្ណោះ។
នៅអាយុប្រាំពីរឆ្នាំ គាត់បានចាប់ផ្តើមលក់កម្រងផ្កានៅផ្សារមួយនៅផ្លូវរាមឥន្ទ្រា។
ក្រោយពីនោះ យាយរបស់គាត់ក៏បានធ្លាក់ខ្លួនឈឺ ដោយសារតែភាពក្រលំបាក ថាណាកាន ក៏បានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជាថ្នូរក្នុងការដូរយកលុយទៅមើលជំងឺយាយរបស់គាត់។
ហើយដោយសារតែរូបរាងរបស់គាត់ទៀតនោះ គាត់ក៏ត្រូវបានគេមើលងាយ ក៏ដូចជាបញ្ជាឲ្យគាត់ធ្វើគ្រប់បែបដូចជា ទាត់ ធាក់ មាក់ងាយ និងបានធ្វើការបង្ហោះវីដេអូរបស់គាត់ចូលទៅក្នុងបណ្ដាញសង្គមថែមទៀតផង។
ក្នុងវីដេអូខ្លះ ពួកគេក៏បានបង្ខំឲ្យគាត់ដាក់លាមកសត្វចូលទៅក្នុងមាត់ទៀតផង ដោយសារតែត្រូវការលុយមើលថែទាំជម្ងឺយាយដែលខំចិញ្ចឹមខ្លួន ថាណាកាន យល់ព្រមធ្វើគ្រប់យ៉ាងដោយមិនប្រកាន់ខឹងជាមួយនឹងអ្នកទាំងនោះឡើយ រហូតដល់ថ្ងៃអវសានរបស់ខ្លួនក្នុងវីដេអូចុងក្រោយដែលពួកគេបង្ខំឲ្យគាត់ផឹកស្រារហូតបណ្ដាលឲ្យបាត់បង់ជីវិត។
បន្ទាប់ពីកើតមាននូវរឿងហេតុទាំងនេះ បានបង្កឲ្យអ្នកដែលនិយមលេងបណ្ដាញសង្គមថៃបាននាំគ្នាចែករំលែក និងមានការប្រតិកម្មយ៉ាងខ្លាំងទាក់ទងជាមួយនឹងទង្វើរដែលរើងអើង និងល្បែងដែលមិនគប្បីទាំងនេះទៅលើជនរងគ្រោះ។


