
(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនដល់កងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ នៅស្រុកពញាក្រែក និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែន ប្រទេសកម្ពុជា និងវៀតណាម នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងនគរបាលជាតិ និងអ្នកពាក់ព័ន្ធ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះកងកម្លាំងការពារព្រំដែនទាំងអស់ ដោយក្តីនឹករលឹកបំផុត។
ជាមួយនេះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងវរសេនាតូចទាំង២ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ឯកឧត្តម ប៉ែន កុសល្យ បានណែនាំ និងក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង និងត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន ការជ្រៀតចូលនៃជនអន្តោប្រវេសន្តខុសច្បាប់ និងការនាំចូលទំនិញនានាពីប្រទេសជិតខាង ព្រមទាំងកិច្ចការសំខាន់ៗផ្សេងទៀតដែលបានដាក់ចេញ ។
ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាល យកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខឲ្យបានល្អនៅតាមព្រំដែនបន្ថែមទៀត។
សូមជម្រាបថា ចំពោះអំណោយប្រគល់ជូនសម្រាប់វរការពារព្រំដែននីមួយៗទទួលបាន អង្ករ មី ទឹកក្រូច ស្រាបៀ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស និងថវិកាចំនួន៣លានរៀលផងដែរ៕




